កម្ពុជាគ្រោងចំណាយ​ ១០០លានដុល្លារសម្រាប់សុីហ្គេមឆ្នាំ២០២៣ ដោយ ១ប្រភេទកីឡាចាយខ្ទង់ ១លានដុល្លារ

នូ មករា May 31, 2017


ភ្នំពេញ៖ ម្ចាស់ផ្ទះកម្ពុជាគ្រោងនឹងដាក់ ៣៥ប្រភេទកីឡាដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមយកមេដាយក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ ខណៈដែលការចំណាយសម្រាប់ ១ប្រភេទកីឡាអាចដល់ខ្ទង់ ១លានដុល្លារអាមេរិគឯណោះ ។ 
 ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមថោង ខុន បានមានប្រសាសន៍កាលពីម្សិលមិញថា៖ «ជាធម្មតាការចំណាយជាប់ទាក់ទងទៅនឹងចំនួនប្រភេទកីឡាដែលអនុម័តឲ្យប្រកួតគឺក្នុងមួយប្រភេទកីឡាឬមួយសហព័ន្ធចំណាយអស់ ១លានដុល្លារហើយបើយើងគ្រោងដាក់ ៣៥ប្រភេទគឺអស់ ៣៥លានដុល្លារ ក្នុងនោះមានចំនួន ៥លានដុល្លារទៀតចំណាយទៅលើការរៀបចំសម្ភារៈឧបករណ៍, តម្លៃពលកម្មមន្ត្រីជំនាញបច្ចេកទេស, ការសិក្សាបន្ថែម, ទិញសម្ភារៈដូចជាសូហ្វវែ (កម្មវិធីប្រកួត), ហូបចុកស្នាក់នៅជាដើម ។ បន្ថែមពីលើនេះមានចាយទៅលើមធ្យោបាយដឹកជញ្ជូនពិធីបើក និងបិទ ព្រមទាំងប្រាក់រង្វាន់លើកទឹកចិត្តអ្នកឈ្នះជ័យលាភីផងដែរ។»
ឯកឧត្តមបានបន្តថា៖ «ពិធីបើក និងបិទវាអាស្រ័យទៅលើការរៀបចំថា តើធ្វើកម្រិតតូចមធ្យមឬទំនើបគឺដូចយើងឃើញក្នុងប្រទេសនានាដែលគេរៀបចំធ្វើម្ចាស់ផ្ទះម្តងៗកន្លងមកមានភាពស៊ីវិល័យកម្រិតណាដើម្បីទាក់ទាញឲ្យពិភពលោកបានស្គាល់អំពីវប្បធម៌ អរិយធម៌ កីឡា និងសក្តានុពលនៃប្រទេសម្ចាស់ផ្ទះ ។»  ឯកឧត្តមបានពន្យល់ថា ការចំណាយនេះមានដូចជាទៅលើអនុគណៈកម្មការចំនួន ១៤មានអនុកម្មការពិធីបើក និងបិទ,មជ្ឈមណ្ឌលពត៌មាន, ទីផ្សារ និងចលនូបត្ថម, Games-T+AD Card , ពិធីការ, ស្នាក់នៅហូបចុក, កីឡា និងបទបញ្ញាតិ, ដឹកជញ្ជូននិង ភស្តុភា, ទីលានប្រកួត, វប្បធម៌បរិដ្ឋាន និងអប់រំ, ហិរញ្ញវត្ថុ និងការផ្គត់ផ្គង់, អ្នកស្មគ្រចិត្តប្រហែល ២ម៉ឺននាក់ និងក្រុមអនុគណៈកម្មការវេជ្ជសាស្ត្រកីឡា ហើយបើសរុបលម្អិតក្នុងលក្ខណៈសន្សំសំចៃបំផុតតាមសេដ្ឋកិច្ចទីផ្សារប្រទេសកម្ពុជាគឺខ្ទង់ ១០០លានដុល្លារក្នុងពេលប្រកួតធ្វើម្ចាស់ផ្ទះនេះ ។»
ជាមួយគ្នានេះដែរ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោកវ៉ាត់ ចំរើន បានមានប្រសាសន៍ដែរថា៖ «បើយើងប្រៀបធៀបប្រទេសនៅជិតខាងយើងដែលមានលទ្ធភាពតិចតួចដូចជាប្រទេសប្រជាមានិតឡាវ មីយ៉ាន់ម៉ា ជាដើមកាលធ្វើម្ចាស់ផ្ទះស៊ីហ្គេមគេចំណាយអស់ខ្ទង់ ៣០០ ទៅ ៤០០លានដុល្លារឯណោះ។ ចំណែកឯប្រទេសតូចតែជឿនលឿនក្នុងអាស៊ានដែរដូចជាសិង្ហបុរីជាដើម ការចំណាយលើស៊ីហ្គេមឆ្នាំ២០១៥ ក៏ចំណាយមិនតិចលានដុល្លារដែរ។ អុីចឹងគម្រោងចំណាយសម្រាប់ព្រឹត្តិការណ៍ធ្វើម្ចាស់ផ្ទះស៊ីហ្គេមគឺយើងប៉ាន់ស្មានក្នុងកម្រិត ១០០លាននេះអាចទៅរួចក្នុងលក្ខណៈសន្សំសំចៃបំផុតហើយវាអាចកើនឡើងច្រើនជាងនេះឆ្ងាយប្រសិនយើងចាយទៅលើប្រាក់រង្វាន់អត្តពលិកបានមេដាយ និងពីធីបើកបិទមានលក្ខណៈស្តង់ដាទំនើបដូចប្រទេសជឿនលឿនឬប្រទេសនៅថ្នាក់តំបន់អាស៊ីអគ្នេយ៍ឬទ្វីបអាស៊ីជាមួយយើង៕»
អត្ថបទ៖ ប៉ាវ ឡុង ឈីង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត