ប៉េតង់ធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៥ ខណៈសម្តេចស ខេង នឹងដឹកនាំអាណត្តិថ្មី

នូ មករា May 26, 2017


ភ្នំពេញ៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៥ និងបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិអាណត្តិទី ៦កាលពីរសៀលថ្ងៃទី២៥ ខែឧសភាម្សិលមិញនាសាលប្រជុំពហុកីឡដ្ឋានជាតិអូឡាំពិក ។ មហាសន្និបាតដែលដឹកនាំដោយលោកឧត្តមសេនីយ៍ ព្រហ្ម ឌិន ជាអនុប្រធានទី១ សហព័ន្ធនោះបានសម្រេចបង្កើនសមាជិកប្រតិបត្តិអាណត្តិថ្មីរហូតដល់ទៅ១៨រូប ដោយកាលពីអាណត្តិមុនសមាជិកប្រតិបត្តិដោយរាប់ទាំងប្រធានសហព័ន្ធផងនោះមានតែ ១០រូបគឺសម្ដេចវិបុលបញ្ញាសុខ អានជាប្រធានសហព័ន្ធ ក្រៅពីនោះមានលោកឧត្តមសេនីយ៍ព្រហ្ម ឌិន, លោកសោម ចិន , លោកឌុយ ធៅ, លោកមាស សារិន, លោកឯម ហៀង, លោកឧត្តមសេនីយ៍កែ វណ្ណៈ, លោកអ៊ិន គឹមស្រ៊ុន, លោកពៅ វណ្ណា និងកញ្ញាដួង ឌីណា ។

សម្រាប់អាណត្តិទី៦ឆ្នាំ២០១៧-២០២១ ចំនួនសមាជិកប្រតិបត្តិបានបង្កើនចំនួនដល់ ១៨រូបដែលមានសម្ដេចក្រឡាហោមស ខេង ជាប្រធានកិត្តិយសនោះត្រូវបានសមាជិកប្រតិបត្តិសហព័ន្ធអញ្ជើញមកធ្វើជាប្រធានសហព័ន្ធជំនួសសម្ដេចវិបុលបញ្ញាសុខ អានដែលទទួលមរណៈភាព ។ ចំពោះសមាជិកប្រតិបត្តិ ១៧រូបទៀតនោះមាន​ លោកឧត្តមសេនីយ៍ព្រហ្ម ឌិន, លោកលោកសោម ចិន, លោកអ៊ុក សិទ្ធិជាតិ, លោកម៉ៅ ប៊ុណ្ណារិន, លោកមាស សារិន, លោកស៊ុម សុជាតិ, លោកឧត្តមសេនីយ៍ម៉ិញ សុធីវណ្ណ, លោកមៀង ឈាង, លោកឧត្តមសេនីយ៍កែ វណ្ណៈ, លោកអ៊ិន គឹមស្រ៊ុន, លោក ឯម ហៀង, លោកសូម៉ៃ សុខគា, លោកឡាយ សែម, លោកទេស សូ, លោកឌី បូរីម៉ា, លោកពៅ វណ្ណា និងអ្នកស្រីសូ រ៉ាន់ដេត ។ តួនាទីរបស់សមាជិកប្រតិបត្តិនឹងត្រូវប្រកាស ១០ថ្ងៃក្រោយពីមហាសន្និបាតនេះ ។

អាណត្តិកន្លងមកនេះសហព័ន្ធប៊ូល និងប៉េតង់បានធ្វើការកែទម្រង់ហើយសម្រាប់អាណត្តិថ្មីនេះសមាជិកប្រតិបត្តិបានប្ដេជ្ញាថានឹងបន្តធ្វើការកែទម្រង់បន្តទៀត ។ លោកសូម៉ៃ សុខគាដែលជាគណនេយ្យរបស់សហព័ន្ធបានប្រកាសឲ្យដឹងថាសហព័ន្ធដែលរកចំណូលបាន ៨៤.៦៥០ដុល្លារនោះពេលនេះនៅសល់លុយ ២៤.៩០១ដុល្លារទៀតក្រៅពីនេះថវិកាដែលបានមកពីវិភាគទានគ្រូ និងកីឡាករនោះនៅសល់ប្រមាណជាង១៩លានរៀលទៀតផង ។សហព័ន្ធបានសម្រេចឲ្យក្លិបជាសមាជិកទាំងអស់ត្រូវតែបង់វិភាគទានចាប់ពីពេលនេះតទៅបើមិនដូច្នោះទេគឺមិនអាចចូលរួមប្រកួតជើងឯកនានាបានឡើយ ។ សូមបញ្ជាក់ថា ប៉េតង់ជាប្រភេទកីឡាដែលមានសក្ដានុពលមួយដែលតាំងពីបង្កើតជាសហព័ន្ធនៅឆ្នាំ១៩៩៣មករកបានមេដាយសរុប៣៣២មេដាយគឺមេដាយមាស៦២គ្រឿង មេដាយប្រាក់៨០គ្រឿង និងមេដាយសំរិទ្ធ៩១គ្រឿង ។ក្នុងនោះមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់១គ្រឿង និង មេដាយសំរិទ្ធ៣គ្រឿងបានមកពីការប្រកួតជើងឯកពីភពលោកទៀតផង ។

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត