លោក ទេព ឡុងរចនា ត្រៀមជើងព្រួលយកទាំងដើម ទាំងការពីវេស្ទើនវិញ!

នូ មករា May 26, 2017


 ភ្នំពេញ៖ បន្ទាប់ពីរងបរាជ័យគួរឲ្យភ្ញាក់ផ្អើលក្រោមថ្វីជើងក្រុមវេស្ទើនភ្នំពេញកាលពីជើងទី១ លើទឹកដីខ្លួន រួចមក ក្រុមជើងឯករងឆ្នាំចាស់ ក្រសួងការពារជាតិ បានពង្រឹងខ្លួនកាន់តែខ្លាំង ដើម្បីត្រៀមជួបក្រុមកំពុងឈរលេខរៀងទី៩ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ននេះ នៃជំនួបជើងទី២ ជើងឯកលីគកំពូលកម្ពុជា នៅពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ ។
លោក ទេព ឡុងរចនា គ្រូបង្វឹករបស់ក្រុមខ្លាំងក្រសួងការពារជាតិ បានលើកឡើងថា ការបរាជ័យជើងទី១ គឺជារឿងមួយគួរឲ្យសោកស្ដាយបំផុត ប៉ុន្ដែជំនួបជើងទី២ ស្អែកនេះ លោកបានប្ដេជ្ញាមិនឲ្យភ្លាត់ដូចជើងទី១ ឡើយ ។ លោកបានថ្លែងថា៖ «យើងបានត្រៀមខ្លួនរួចហើយ ដោយមិនមានបញ្ហាអ្វីទេ ព្រោះយើងត្រូវការស្ដារគ្រប់យ៉ាងត្រឡប់មកវិញ មិនអាចធ្វេសប្រហែសដូចកាលពីជើងទី១ ទៀតទេ» ។ ប៉ុន្ដែទន្ទឹមនឹងការប្ដេជ្ញាចិត្តស្វែងរកជ័យជម្នះ ដើម្បីស្ដារកិត្តិយសទាំងដើមទាំងការនេះដែរ អតីតគ្រូបង្វឹកក្រុមគិរីវង់សុខសែនជ័យរូបនេះ នៅតែមិនអាចមើលស្រាល ឬធ្វេសប្រហែស ចំពោះក្រុមវេស្ទើនភ្នំពេញក្រោនបានទេ ព្រោះបច្ចុប្បន្នក្រុមក្រសួងការពារជាតិ កំពុងត្រូវការឈ្នះ ដើម្បីសន្សំពិន្ទុឆ្ពោះទៅប្រជែងកៅអីកំពូលតារាង និងមានឱកាសចេញទៅប្រកួតលើឆាកអន្ដរជាតិ ដូចជាពាន TOYOTA Mekong Club និងពាន AFC Cup ជាដើម ។
គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងការពារជាតិ កំពុងកាន់ ២១ពិន្ទុឈរលេខរៀងទី៣ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ១១ប្រកួតកន្លងមកឈ្នះ៦ ស្មើ៣ និងចាញ់២ ដែលខុសឆ្ងាយពីក្រុមវេស្ទើន កំពុងឈរលេខរៀងទី៩ និងមាន ១២ពិន្ទុជាមួយលទ្ធផល ១១ប្រកួតឈ្នះ៣ ស្មើ៣ និងចាញ់៥ ៕ អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត