អត្តពលិកវាយកូនឃ្លីលើតុកម្ពុជាដែលឈ្នះមេដាយនៅថៃទទួលបានប្រាក់រង្វាន់ដោយស្ងៀមស្ងាត់

នូ មករា May 18, 2017


ភ្នំពេញ៖ ក្រុមអត្តពលិកវាយកូនឃ្លីលើតុកម្ពុជាដែលបានប្រកួតឈ្នះមេដាយនៅក្នុងព្រឹត្តិការណ៍កីឡា ASEAN School Games លើកទី៨ នៅខេត្តឈៀងម៉ៃ ប្រទេសថៃកាលពីឆ្នាំ២០១៦នោះ ទើបតែទទួលបានប្រាក់រង្វាន់តាមអនុក្រិត្យរបស់រាជរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ ពោលគឺថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ហើយរឿងរ៉ាវដែលគួរឱ្យហួសចិត្តនោះគឺ មេដាយសំរិទ្ធដែលទទួលបាននោះគឺជាមេដាយកម្រិតអន្តរជាតិដែលអត្តពលិកកម្ពុជាចេញទៅប្រកួតតំណាងឲ្យជាតិនោះ ត្រូវបានអគ្គនាយកដ្ឋានកីឡា ដែលជាអ្នកនាំយកថវិការបស់រដ្ឋាភិបាលមកប្រគល់ជូនយ៉ាងស្ងៀមស្ងាត់នៅក្នុងបន្ទប់ប្រជុំតូចមួយរបស់ខ្លួនទៅវិញសូម្បីតែប្រព័ន្ធផ្សព្វផ្សាយមួយក៏គ្មាន ។

បើតាមមន្ត្រីកីឡាមួយរូបសុំមិនបញ្ចេញឈ្មោះបាននិយាយថា៖ «នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់កីឡាករ ចំនួន៤រូប និងគ្រូបង្វឹក១រូប ក្នុងម្នាក់ ៧លានរៀល នោះគឺមានតែមន្ត្រី កីឡា និងតំណាងក្រសួងអប់រំយុវជន និងកីឡា ៣ទៅ៤នាក់ រួម និងមានលោកអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាតែប៉ុណ្ណោះដែលបានចូលរួមជាអធិបតី។» ប្រភពដដែលនបានបន្តថា ព្រឹត្តិការណ៍ប្រកួតលក្ខណៈអន្តរជាតិដែលកីឡាករការិនីកម្ពុជាចេញទៅចូលរួមហើយដែលក្រសួងអប់រំយុវជន និងកីឡាបានដាក់ឈ្មោះតំណាងឲ្យជាតិនោះគឺបានន័យថា តំណាងឲ្យប្រទេសទាំងមូលតែម្ដង ដូច្នេះរាល់ការឈ្នះមិនថា មាស ប្រាក់ និង សំរិទ្ធនោះទេ សុទ្ធសឹងតែជាមោទកភាព ដែលត្រូវការផ្សព្វផ្សាយជូនសាធារណៈជន និងប្រជាពលរដ្ឋខ្មែរបានដឹងទាំងអស់ ។ បើទោះបីការផ្ដល់ប្រាក់រង្វាន់មានការយឺតយ៉ាវយ៉ាងណាក្ដី តែក្រសួងអប់រំយុវជន និងកីឡាឬក៏អគ្គនាយកដ្ឋានកីឡា ត្រូវតែធ្វើការប្រកាស និងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយជូនដល់មហាជន និងប្រជាពលរដ្ឋខ្មែរឱ្យបានដឹងលឺគ្រប់គ្នា ។

លោកបន្ថែមថា នៅពេលដែលយើងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងចូលរួមលេងកីឡាបានគ្រប់គ្នាកាន់តែច្រើនឡើងៗ ដែលអាចធ្វើឱ្យគ្រប់ប្រភេទកីឡាទាំងអស់នៅក្នុងប្រទេសកម្ពុជា ក៏មានការរីកចម្រើនខ្លាំងដល់បណ្ដាប្រទេសជិតខាង។ បើសិនជាការផ្សព្វផ្សាយមិនទូលំទូលាយនោះមិនថានៅប្រទេសណាទេ គ្រប់ប្រភេទកីឡាណាទេគឺសុទ្ធតែមិនមានការរីកចម្រើន និងទទួលបានការជួយឧបត្តម្ភពីបណ្ដាសប្បុរជនឬ ក្រុមហ៊ុនឡើយ។

គួរបញ្ជាក់ផងដែរថា ពិធីប្រគល់ប្រាក់រង្វាន់ដ៏ស្ងៀមស្ងាត់នេះ បានធ្វើឡើងកាលពីព្រឹកម្សិលមិញនេះនៅអគ្គនាយកដ្ឋានកីឡា ខណៈដែលត្រឹមព្រឹកនេះទើប Page Facebook របស់នាយកដ្ឋានកីឡាធ្វើការផ្សព្វផ្សាយជូនសាធារណៈជនឱ្យបានដឹង ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត