ង៉ែត រដ្ឋា និង រឿង សារ័ត្ន អាចបន្ថែមស្ថិតិឈ្នះបានទៀតឬទេនៅចុងសប្តាហ៍នេះ?

នូ មករា May 17, 2017


ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែឧសភាខាងមុខនេះ ក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦៣,៥០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍នឹងមានគូប្រកួតសំខាន់មួយគឺអ្នកប្រដាល់ង៉ែត រដ្ឋា មកពីក្លិបតាព្រហ្មមានជ័យត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃផ្លាយ ណយ (Phlay Noy)ហើយ ។ ង៉ែត រដ្ឋាដែលមានប្រវត្តិប្រកួតចំនួន ៧៣ដង ឈ្នះ ៦២ដង ចាញ់ ៨ដង និងស្មើពិន្ទុ៣ដងនោះមួយប្រកួតដំបូងរបស់គេបានទទួលជ័យជម្នះលើគូប្រកួតដោយពិន្ទុ ។ ចំពោះអ្នកប្រដាល់ថៃផ្លាយ ណយ វិញនោះមួយប្រកួតដំបូងរបស់គេទទួលបរាជ័យ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន ៦៩ដង ឈ្នះ៥៦ដង ចាញ់ ១២ដងនិងស្មើពិន្ទុ ១ដង ។

 

ផ្លាយ ណយ ជាអ្នកប្រដាល់ដែលមានចិត្តត្រជាក់ណាស់តែគេប្រើជើងទាត់បានល្អ គេមិនសូវជាពូកែលេងកែងនោះទេតែកណ្ដាប់ដៃ និង ជង្គង់អ្នកប្រដាល់ថៃរូបនេះវ៉ៃចេញធ្ងន់ណាស់ ។ សម្រាប់រដ្ឋា កែងរបស់គេក៏មិនសូវជាច្បាស់ដែរទេតែគេចូលចិត្តប្រើកែង ចំណែកកណ្ដាប់ដៃ និងជង្គង់វ៉ៃបានត្រឹមល្អមើលប៉ុណ្ណោះ ប៉ុន្តែអ្នកប្រដាល់រូបនេះទាត់បានល្អហើយខ្លាំងណាស់ ដោយមានអ្នកប្រដាល់មិនតិចទេដែលត្រូវរដ្ឋា ទាត់ឲ្យបាក់ដៃប្រកួតលែងកើតមួយជីវិតក៏មានដែរ ។ រវាងង៉ែត រដ្ឋា និង ផ្លាយ ណយនរណាឈ្នះ ហើយនរណាចាញ់គេលំបាកនឹងប៉ាន់ស្មានជាមុនណាស់តែអ្នកប្រដាល់រូបនេះគេជឿថានឹងប្រកួតគ្នា ៥ ទឹក ។

ប្រកួតគ្នាក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់នេះដែរអ្នកប្រដាល់កម្ពុជារឿង សារ័ត្ន ក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវជួបជាមួយអ្នកប្រដាល់ថៃឡាក់ ឡាយ (Lack Lay) ។ សារ័ត្នដែលមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥៦ដង និង ចាញ់១០ដងនោះមួយប្រកួតដំបូងរបស់គេបានទទួលជ័យជម្នះ ។ ចំពោះឡាក់ ឡាយវិញមួយប្រកួតដំបូងរបស់គេជួបបរាជ័យ ។អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥០ដងចាញ់១៤ដង និង ស្មើពិន្ទុ ២ ដង ។ សម្រាប់ការប្រកួតនេះម្នាក់ៗសុទ្ធតែត្រូវការឈ្នះ ដើម្បីប្រជែងគ្នាសន្សំពិន្ទុដើម្បីរកកៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ចំពោះសារ័ត្នបើមួយប្រកួតនេះគេបានទទួលជ័យជម្នះនោះគេមិនសូវជាបារម្មណ៍ទេ ប៉ុន្តែបើចាញ់អ្វីៗអាចស្ថិតក្នុងភាពស្រពិចស្រពិល ។ ចំពោះឡាក់ ឡាយដែលការប្រកួតដំបូងជួបបរាជ័យបោះបើការប្រកួតនេះចាញ់ទៀតឱកាសសម្រាប់ដណ្ដើមកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទំនងជាលំបាកហើយ ។ រឿង សារ័ត្ន ជួបសំណាងល្អ ឬឡាក់ ឡាយជាអ្នកជួបសំណាងល្អ ។សង្ឃឹមថាសារ័ត្នមិនធ្វើឲ្យអ្នកគាំទ្រខ្លួនអស់សង្ឃឹមឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត