គ្រូប្រដាល់សាកល ២៥រូបចូលរួមវគ្គបំប៉នបន្ថែមពីវិធីបង្ហាត់ និងប្រលងយកសញ្ញាបត្រលំដាប់ផ្កាយ

នូ មករា May 17, 2017


ភ្នំពេញ៖ វគ្គសាមគ្គីអូឡាំពិកស្ដីពីគ្រូបង្វឹកប្រដាល់បានបើកឡើងរយៈពេល ១០ថ្ងៃពោលគឺពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែឧសភានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ នេះគឺជាវគ្គបំប៉នដ៏សំខាន់មួយដែលឧបត្ថម្ភដោយអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ ហើយគ្រូឧទ្ទេសគឺលោក Rubasinghe Kankawamge Indrasgna អ្នកជំនាញមកពីសហព័ន្ធកីឡាប្រដាល់អន្តរជាតិ និងជាជនជាតិស្រីលង្កា ដោយមានសិក្ខាកាមចំនួន ២៥រូបដែលសុទ្ធតែជាគ្រូប្រដាល់ អាជ្ញាកណ្ដាល ចៅក្រមមកពីបណ្ដាក្លិប សមាគមនានាចំណុះឲ្យសហព័ន្ធ ។

វគ្គនេះគឺសិក្សាទាំងទ្រឹស្ដី និងការអនុវត្តន៍ជាក់ស្ដែងតែម្ដងដោយការសិក្សាមានរយៈពេល ៧ថ្ងៃ និង៣ថ្ងៃសម្រាប់អ្នកដែលមិនទាន់យល់ច្បាស់ ។ លោក Rubasinghe Kankawamge Indrasgna ដែលមានសញ្ញាបត្រកម្រិតផ្កាយ ៣ ផ្នែកគ្រូឧទ្ទេស និងផ្កាយ២ ផ្នែកគ្រូអាជ្ញាកណ្ដាល និងចៅក្រម បានបញ្ជាក់ថា វគ្គនេះនឹងមានការប្រឡងនៅពេលបញ្ចប់ការសិក្សាហើយអ្នកដែលប្រឡងជាប់នឹងបានទទួលសញ្ញាប័ត្រកម្រិតផ្កាយ១ ពីសហព័ន្ធប្រដាល់អន្តរជាតិ ។ លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជាក៏បានថ្លែងថា នរណាមានសមត្ថភាពអ្នកនោះនឹងទទួលបានសញ្ញាបត្រខ្ពស់ ។  

ជាមួយគ្នានេះ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គសិក្សានេះ បានលើកឡើងថា នេះជាវគ្គដែលសម្រិតសម្រាំងដោយមានការប្រឡងដើម្បីឲ្យគ្រូរបស់កម្ពុជាអាចក្លាយជាគ្រូកម្រិតផ្កាយដែលទទួលស្គាល់ពីអន្តរជាតិ និងដែលអាចចេញទៅបង្រៀននៅក្រៅប្រទេសបាន ។ ឯកឧត្តមបានផ្ដាំថា បើមានអ្វីជាចម្ងល់មិនត្រូវលាក់ទុកនោះទេគឺត្រូវតែសួរដើម្បីពង្រីកនូវចំណេះដឹងប្រដាល់សាកលឲ្យដល់កម្រិតអន្តរជាតិ ។

នេះជាការហ្វឹកហាត់តាមរបៀបវិទ្យាសាស្ត្រកីឡាព្រោះវិទ្យាសាស្ត្រមានការប្រែប្រួលជារៀងរាល់ឆ្នាំហេតុនេះគ្រូត្រូវតែស្គាល់ពីបច្ចេកទេសថ្មីៗរបស់ពិភពលោកដើម្បីឲ្យសហព័ន្ធនេះក្លាយជាសហព័ន្ធដែលមានសក្ដានុពល ។ ការពង្រឹងបច្ចេកទេសគឺជាកត្តាសំខាន់ដែលសហព័ន្ធ គ្រូបង្វឹកត្រូវតែដឹង ។ គ្រូបង្វឹកកីឡាមិនមែនជាគ្រូបង្រៀនឡើយព្រោះគ្រូកីឡាត្រូវតែមានធនធានបច្ចេកទេសត្រឹមត្រូវ ចេះស្រាវជ្រាវ រកចំណុចថ្មី ចេះសង្កេតពីកីឡារបស់ខ្លួនតើខ្សោយពីអ្វីខ្លះ ខ្លាំងអ្វីខ្លះបែបនេះទើបក្លាយជាគ្រូដែលមានសមត្ថភាពខ្ពស់ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត