អ្នកប្រដាល់ជើងចាស់ ធិន សុវណ្ណ ដង្ហើយសុំជំនួយ ក្រោយអស់លទ្ធភាពចិញ្ចឹមប្រពន្ធកូន និងឪពុកម្តាយជរា

នូ មករា May 12, 2017


ភ្នំពេញ៖ ស្ថិតក្នុងស្ថានភាពលំបាកបន្ទាប់ពីមានបញ្ហាបាក់ឆ្អឹងដៃស្ដាំរួចមកនោះ អ្នកប្រដាល់ ធិន សុវណ្ណ បានប្រកាសស្នើសុំជំនួយពីសប្បុរសជននានា ខណៈដែលរូបគេមិនអាច
ឡើងសង្វៀនបានបន្តទៀតឡើយ ជាហេតុធ្វើឱ្យជីវភាពកាន់តែដុនដាបជាខ្លាំង ។ ជាងនេះទៅទៀត កាលពីប៉ុន្មានថ្ងៃមុននេះប្រពន្ធរបស់គាត់ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ដោយមានកូនក្នុងបន្ទុកចំនួន ៥ នាក់ ក៏ដូចជាមានឪពុកម្តាយចាស់ជរាផងដែរនោះ។ អ្នកប្រដាល់រូបនេះ បានសម្រេចចិត្តប្រកាសស្វែងរកសប្បុរសជនមេត្តាជួយដល់ជីវភាពលំបាកក្រីក្ររបស់គេដែលមិនអាចមានលទ្ធភាពផ្គត់ផ្គង់អាហារប្រចាំថ្ងៃបានគ្រប់គ្រាន់ដោយអ្នកប្រដាល់ ធិន សុវណ្ណ បានអំពាវនាវថា៖ «ការសុំនេះសម្រាប់ជីវភាពរស់មួយរយៈតែប៉ុណ្ណោះទម្រាំប្រពន្ធខ្ញុំបានជាសះស្បើយ និងអាចរកស៊ីវិញ។ សប្បុរសជនដែលអាណិតមេត្តា អាចទាក់ទងខ្ញុំនៅភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឬតាមទូរស័ព្ទលេខ ០៧០ ៥១៩ ៤៤១»។ គួររំលឹកថា ធិន សុវណ្ណ ដែលជាកីឡាករប្រដាល់ម្នាក់មាឌមាំ វាយគ្មានបច្ចេកទេស និងអាងផ្នែកកម្លាំងនោះ បានធ្លាក់ខ្លួនពិការបាក់ដៃស្តាំកាលពីឆ្នាំ២០១៥ ក្នុងពេលប្រកួតជាមួយកីឡាករសោម តឿទី មកពីក្លិបខ្លារខិនមានរិទ្ធិនៅសង្វៀនបាយ័ន។
 ក្រោយព្យាបាលរបួសបានជាសះស្បើយមួយរយៈធំនិងមានជីវភាពលំបាកខ្លាំង កីឡាករធិន សុវណ្ណ បានសម្រេចចិត្តឡើងប្រកួតម្តងទៀតជាមួយកីឡាករយ៉ែម ខេមរា នៅសង្វៀនអាស៊ីអាគ្នេយ៍ ហើយដោយត្រូវរបួសចាស់ផងនោះ អាជីពប្រដាល់របស់គេ ត្រូវបានបញ្ចប់ ពោលគឺនៅសល់តែមុខរបរជាគ្រូជំនួយកាន់ស៊ីប ឲ្យកីឡាករក្នុងក្លិបហ្វឹកហាត់តែប៉ុណ្ណោះ។ ទោះជាយ៉ាងណាជីវភាពក្រីក្ររបស់ធិន សុវណ្ណ ដែលត្រូវរ៉ាប់រងចិញ្ចឹមមនុស្សមួយគ្រួសារ ដែលសុទ្ធតែកំពុងបាត់បង់ពលកម្មនោះ ធ្វើឲ្យគេត្រូវបន្តរស់ទាំងវេទនា តាមរបបប្រាក់ខែដែលក្លិប និងអង្គភាពបានផ្តល់ឲ្យ ក្នុងតំណែងជាកូនទាហាន ក្រោយពេលរូបគេប្រកួតលែងកើត។ ធិន សុវណ្ណ បាននិយាយថា៖ «ខ្ញុំបានគិតសាចុះសាឡើងជាច្រើនលើក ទៅលើការស្វែងរកសប្បុរសជនជួយ ពីព្រោះខ្ញុំទទួលបានក្របខណ្ឌជាកូនទាហានមួយរូប កុំឲ្យប៉ះពាល់ដល់តម្លៃនៃអង្គភាព ប៉ុន្តែក្រោយពីបញ្ហាប្រពន្ធគ្រោះថ្នាក់ចរាចរណ៍ ដែលធ្វើឲ្យជំពាក់បំណុលគេកាន់តែច្រើន កូនក្នុងបន្ទុកចំនួន ៥ នាក់ និងមានឪពុកម្តាយចាស់ជរាផង ហើយជីវភាពប្រចាំថ្ងៃកាន់តែលំបាកទៀត ខ្ញុំដាច់ចិត្តលើកដៃសុំជំនួយពីគ្រប់សប្បុរសជនតែម្តង»។ ក្នុងពេលគ្រោះថ្នាក់លើកទី ១ ធិន សុវណ្ណ បានប្រាប់ថា គេឈ្នះសោម តឿទី ប៉ុន្តែចុះពីសង្វៀនទាំងឈឺចាប់ខ្លាំង ហើយបានទៅមន្ទីរពេទ្យថតទៅឃើញបាក់ឆ្អឹងដៃស្តាំ។
សុវណ្ណ បានបន្តថា ការព្យាបាល បានចំណាយប្រាក់ច្រើន ប៉ុន្តែខាងសង្វៀនប្រដាល់ គេជួយត្រឹមការចំណាយតាមវិក្កយបត្រគឺ ១២០ ម៉ឺនរៀល»។ រូបគេបានឲ្យដឹងថា៖ «មួយរយៈក្រោយមក ស្ថានភាពហាក់ដូចជាប្រក្រតីវិញ ខ្ញុំបានស្វែងរកការប្រកួតម្តងទៀតនៅសង្វៀនអាស៊ីអាគ្នេយ៍ដើម្បីបានប្រាក់ជួយជីវភាព ប៉ុន្តែ របួសរើឡើងវិញពេលឡើងប្រកួតជាមួយយ៉ែម ខេមរា»។ សុវណ្ណ បានបញ្ជាក់ថា ពេលគេបានស្នើសុំប្រាក់ ខាងសង្វៀនគេបដិសេធក្នុងការផ្តល់ឲ្យដោយសារតែនេះជារបួសចាស់។ ក្រោយពីបញ្ចប់អាជីពប្រដាល់ រូបគេជាជំនួយការគ្រូបង្វឹកប៉ុណ្ណោះ ដែលបានកម្រៃក្នុងពេលឲ្យទឹកកីឡាករនៅសង្វៀន ត្រឹម ១ ម៉ឺន ទៅ ២ ម៉ឺនរៀលយ៉ាងច្រើន។ អ្វីដែលលំបាកខ្លាំងបំផុតពេលនេះ រូបគេគ្មានអាហារគ្រប់គ្រាន់សម្រាប់គ្រួសារទាំងមូល។ ទេស សំខាន់ ជាអ្នកប្រដាល់រួមក្លិប ដែលជួបឧបសគ្គគ្រោះថ្នាក់ធំៗចំនួន ៣ លើក ពេលប្រកួត បាននិយាយថា៖ «ខ្ញុំមានការលំបាកដែរ តែដូចជាមិនវេទនាដូចគាត់ទេ គឺខ្ញុំទទួលបានពីកាកបាទក្រហម និងសប្បរសជនជាង ៥០០០ ដុល្លារ ដើម្បីព្យាបាល និងផ្គត់ផ្គង់ជីវភាពទម្រាំឡើងប្រកួតវិញបាន ប៉ុន្តែបងសុវណ្ណ គាត់មិនធ្លាប់ទទួលបានឡើយ»៕
អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត