ភ្នំពេញក្រោន ចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធកូរ៉េខាងត្បូងដែលធ្លាប់លេងនៅថៃ និងមីយ៉ាន់ម៉ា

នូ មករា May 10, 2017


ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់ភ្នំពេញបានឲ្យដឹងថា ថ្នាក់ដឹកនាំរបស់ក្លឹបជើងឯក ៦សម័យកាលនេះបានសម្រេចចុះកិច្ចសន្យាជាផ្លូវការជាមួយកីឡាករជនជាតិកូរ៉េខាងត្បូង Gisung Yeon សម្រាប់រដូវកាល២០១៧ ដែលមានវ័យ ២៧ឆ្នាំ និងធ្លាប់បានលេងនៅក្នុងប្រទេសកូរ៉េ ថៃ និងមីយ៉ាន់ម៉ា ផងដែរ ។

សូមបញ្ជាក់ថា Gisung Yeon កើតនៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩៨៩ នៅទីក្រុង Suwon នៃសាធារណរដ្ឋកូរ៉េខាងត្បូង និងធ្លាប់បានឈ្នះជើ់ងឯកក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ជាតិកម្រិតវិទ្យាល័យកាលដែលរូបគេលេងឲ្យក្រុមបាល់ទាត់ប្រចាំសាលា Baekam High School នៅទីក្រុង Yongin ។ បន្ទាប់មក ក្រោយពីរូបគេបានចូលរៀនរយៈពេល ២ឆ្នាំនៅសាកលវិទ្យាល័យ Honam University ក្នុងទីក្រុង Gwangju រូបគេបានចំណាយពេល ១ឆ្នាំលេងឲ្យក្លឹប Gyeongnam ដែលជាសមាជិកនៃលីគកំពូលកូរ៉េខាងត្បូង ។ បន្ទាប់មកទៀតគេបានប្តូរមកប្រកបអាជីពនៅក្នុងប្រទេសថៃដោយលេងឲ្យក្លឹប TTM Phichit  ក្នុងក្របខណ្ឌ Thai Premier រដូវកាល២០១១ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កាលណោះរកគេរកបាន ៣គ្រាប់ (hat-trick) តែម្នាក់ឯងក្នុងការបង្ហាញខ្លួនលើកដំបូងប៉ុន្តែបានរងរបួសជើងជាហេតុត្រូវឆ្លងកាត់ការវះកាត់២លើកនិងត្រូវសម្រាកព្យាបាលរហូតដល់រយៈពេល២០ខែផងដែរ។

ក្នុងឆ្នាំ២០១៣ កីឡាកររូបនេះបានវិលត្រលប់មកកាន់ប្រទេសថៃសារជាថ្មី ដោយបានចំណាយពេល ៤ខែលេងឲ្យក្លឹប BEC Tero ក្នុងក្របខណ្ឌ Thai Premier ដដែលមុននឹងត្រូវផ្ទេរតាមរយៈកិច្ចសន្យាខ្ចីជើងទៅលេងឲ្យក្លឹប PTT Rayong ក្នុងក្របខណ្ឌលីគទី១ វិញ ប៉ុន្តែរូបគេបានរងរបួសជង្គង់នាពេលនោះ ។ បន្ទាប់ពីបានឈប់សម្រាកអស់រយៈពេលជាយូររួចមក ក្នុងឆ្នាំ២០១៥ ខ្សែប្រយុទ្ធរូបនេះបានទៅលេងនៅក្លឹប Yadanarbon ក្នុងប្រទេសមីយ៉ាន់ម៉ា និងបានជួយឲ្យក្លឹបនេះបានឈ្នះតំណែងជើងឯករងនៅក្នុងលីគកំពូលផងដែរ ។ កាលពីឆ្នាំមុន រូបគេលេងបានពាក់កណ្តាលរដូវកាលឲ្យក្រុម Bangkok Christian College ក្នុងក្របខណ្ឌលីគទី១ របស់ប្រទេសថៃ និងរកបានគ្រាប់បាល់ ៧គ្រាប់ផងដែរ ។

ខ្សែប្រយុទ្ធដែលអាចប្រើជើងទាំងសងខាងបានរូបនេះថ្លែងថា៖ «ជើងខាងស្តាំរបស់ខ្ញុំមានជំនាញជាង ប៉ុន្តែខាងឆ្វេងមានកម្លាំងខ្លាំងជាង។ គេបានបន្ថែមថា៖«ខ្ញុំពិតជារីករាយដែលបានចូលរួមជាមួយក្លឹបភ្នំពេញក្រោន! នៅទីនេះមានភាពល្អប្រសើរមែនទែនទាំងកីឡដ្ឋាន និងទីលានប្រកួត ហើយក្រុមរបស់យើងមានអ្នកគាំទ្រដ៏ច្រើន ។ ជាមួយគ្នានេះដែរ គ្រូបង្វឹក និងក្រុមការងារទាំងអស់សុទ្ធតែគួរឲ្យរាប់អាន ដូច្នេះខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចរួមចំណែកពង្រឹងនូវស្ថេរភាព និងការលើកទឹកចិត្តគ្នាដើម្បីចែករំលែកដល់កីឡាករយុវជនវ័យក្មេងរបស់យើង ។ ខ្ញុំក៏គិតដែរថា ក្រុមរបស់យើងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីអាចដណ្តើមពានលីគកំពូលឆ្នាំនេះបាន ហើយខ្ញូំក៏ធ្លាប់បានលឺអំពីភាពអស្ចារ្យរបស់ក្លឹបភ្នំពេញក្រោនពីមិត្តជិតស្និទ្ធរបស់ខ្ញុំដែរនោះគឺ Sim និង Baek ដែលពួកគេសុទ្ធតែធ្លាប់លេងនៅទីនេះ ។»

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត