សហព័ន្ធកីឡាបាល់ទះ នឹងទទួលបានប្រាក់ឧបត្ថម្ភ ១៤០.០០០ដុល្លារក្នុងមួយឆ្នាំពីណាហ្គាវើល

នូ មករា May 8, 2017


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភាម្សិលមិញនេះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សារឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយសណ្ឋាគារណាហ្កាវើលដែលតំណាងដោយលោក Chen Lip Keong ដែលជាអគ្គនាយកណាហ្គាបានចុះកិច្ចព្រមព្រៀងជាមួយគ្នាស្ដីពីកិច្ចគាំទ្រដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទះនៅកម្ពុជា ។ ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងបណ្ដាសមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់ទះជាច្រើនរូបបានចូលរួមជាសាក្សីក្នុងពិធីនោះ ។

ក្នុងកិច្ចព្រមព្រៀងនោះគឺខាងណាហ្គាវើលសម្រេចផ្ដល់ជូនកញ្ចប់ថវិកាចំនួន ១៤០.០០០ដុល្លារអាមេរិកជារៀងរាល់ឆ្នាំចាប់ពីពេលចុះហត្ថលេខានេះទៅដើម្បីឲ្យបាល់ទះកម្ពុជាមានមុខមានមាត់លើឆាកអន្តរជាតិ ។ ជាមួយគ្នានេះដែរ ណាហ្គានឹងជួយគាំទ្រដល់ការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅបរទេសដែលរួមមានការឧបត្ថម្ភប្រាក់បៀវត្សរ៍ ការស្នាក់នៅនិងការថែទាំសុខភាពផងដែរ ។ កិច្ចព្រមព្រៀងដែលមានរយៈពេល ២ ឆ្នាំនេះ បានផ្តល់ឲ្យណាហ្គាវើលទទួលបានមកវិញនូវនូវសិទ្ធិផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ព្រឹត្តិការណ៍នៃការប្រកួតបាល់ទះ ។

ចំពោះសហព័ន្ធវិញត្រូវទទួលខុសត្រូវចំពោះទិដ្ឋាការដែលអនុញ្ញាតឱ្យគ្រូបង្វឹកបរទេសស្នាក់នៅក្នុងប្រទេសកម្ពុជា ព្រមទាំងជួយសម្រួលដល់គ្រូបង្វឹកបរទេសចំពោះការបំពេញភារកិច្ចរបស់ពួកគេ ក៏ដូចជាផ្ដល់យានយន្ដ និងអ្នកបើកបរដល់គ្រូបរទេសទាំងនោះផងដែរ ។ ក្រៅពីនេះសហព័ន្ធក៏ត្រូវទទួលខុសត្រូវចំពោះសន្តិសុខ និងអ្នកបកប្រែប៉ុន្ដែមិនទទួលខុសត្រូវចំពោះការបាត់បង់ទ្រព្យសម្បត្តិ និង គ្រោះថ្នាក់ដោយប្រការណាមួយក្នុងពេលស្នាក់នៅកម្ពុជាឡើយ ។

លោក Chen Lip Keong បានចាត់ទុកថានេះជាការរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទះនៅកម្ពុជាបន្ថែមទៀតព្រោះកន្លងមកណាហ្គាវើលបានជួយដល់វិស័យកីឡាកម្ពុជាលើច្រើនផ្នែកដែរ ។ មិនតែប៉ុណ្ណោះណាហ្គាវើលក៏មានក្លិបបាល់ទាត់អាជីពរបស់ខ្លួនមួយដែរ ។ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិនេត សាវឿនមានប្រសាសន៍ដែរថា ការអភិវឌ្ឍន៍វិស័យកីឡាគឺទាមទារនូវការចូលរួមឧបត្ថម្ភជាការចាំបាច់ណាស់ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត