KRE-League៖ តំណាងក្រុមជើងឯករង ប្ដេជ្ញាមិនឲ្យភ្លាត់ស្នៀតដូចឆ្នាំមុន

នូ មករា May 2, 2017


ភ្នំពេញ៖ បន្ទាប់ពីឡើងឈរកំពូលតារាងពិន្ទុបណ្ដោះអាសន្ននៃពាន Khmer Real Estate League លើកទី៦ និងមាន ១៦ពិន្ទុក្នុងដៃ កីឡាករ ឌួង ធារិទ្ធ តំណាងក្រុម Khmer United ដែលជាក្រុមជើងឯករងឆ្នាំចាស់ បានលើកឡើងថា ក្រុមខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការស្វែងរកតំណែងជើងឯក ដោយប្ដេជ្ញាចិត្ដមិនឲ្យភ្លាត់ស្នៀតដូចរដូវកាលមុនឡើយ ប្រសិនក្រុមខ្លួនឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាថ្មីនោះ ។

 ការអះអាងបែបនេះ គឺស្របពេលក្រុម Khmer United រកបាន ៣ពិន្ទុបន្ថែមក្នុងការប្រកួតសន្សំពិន្ទុកាលពីចុងសប្ដាហ៍កន្លងទៅ ដោយយកឈ្នះលើក្រុម Giant FC ក្នុងលទ្ធផល ៥-០ លើទីលានដំរីសរ ។ ធារិទ្ធ បាននិយាយថា ឆ្នាំនេះក្រុមខ្លួនពិតជាត្រៀមខ្លួនបានល្អជាងឆ្នាំមុនៗ ទើបធ្វើសមាជិកក្រុមទាំងមូលមានទំនុកចិត្ដក្នុងការប្រកួត និងទទួលបានជ័យជម្នះជាបន្ដបន្ទាប់ ជាក់ស្ដែងគឺឆ្លងកាត់ ៦ប្រកួតឈ្នះ៥ និងស្មើ១ ។

ខ្សែបម្រើរូបនេះ បន្ដថា «រដូវកាលថ្មីនេះ ក្រុមចូលរួមមានសមត្ថភាពខ្លាំងជាងឆ្នាំមុនច្រើន ពិសេសគឺក្រុមនិស្ស័យ និងក្រុមកំពង់ចាម ។ ប៉ុន្ដែដោយសារក្រុមខ្ញុំត្រៀមខ្លួនបានល្អជាងមុន ហើយស្របពេល Khmer United កំពុងឈរកំពូលតារាងផងនោះ ខ្ញុំជឿជាក់ថា ក្រុមខ្ញុំអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាថ្មី ហើយបើដូច្នេះសមាជិកក្រុមនឹងមិនឲ្យភ្លាត់ស្នៀតដូចឆ្នាំមុន ដែលយើងឈ្នះត្រឹមជើងឯករងឡើយ គឺយើងប្ដេជ្ញាដណ្ដើមតំណែងជើងឯកឲ្យបាន» ។

ចំពោះការរកបាន ៣ពិន្ទុពីក្រុម Giant ខាងលើ គឺជួយក្រុម Khmer United រក្សាតំណែងកំពូលតារាងរបស់ខ្លួន និងមាន ១៦ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ៦ប្រកួតឈ្នះ៥ និងស្មើ១ ។ ចំណែកក្រុមនិស្ស័យ កំពុងដេញតាមពីក្រោយ និងមាន ១៥ពិន្ទុជាមួយលទ្ធផល ៦ប្រកួតឈ្នះ៥ និងចាញ់១ ក្រោយយកឈ្នះលើក្រុម Goodhill ដោយលទ្ធផល ២-០ កាលពីចុងសប្ដាហ៍កន្លងទៅ ។

ដោយឡែកលទ្ធផលក្រុមកំពុងប្រជែងគ្នាដណ្ដើមកៅអី ៤ក្រុមចុងក្រោយ(Top-4)ផ្សេងទៀត រួមមានក្រុម Blue Dragon យកឈ្នះក្រុម V.Train ២-១, ក្រុម Avatar ស្មើក្រុមខ្លាសរ ៣-៣, ក្រុមបាយ័ន លត់ក្រុមយុវជនខេត្តកំពង់ចាម ៧-០ និងក្រុមបាសាក់ ឈ្នះក្រុម Anvaya ៣-២ ដែលលទ្ធផលនេះ បានធ្វើតារាងពិន្ទុបណ្ដោះអាសន្នកាន់តែតានតឹង ដែលក្នុងនោះក្រុម Blue Dragon និងក្រុម Avatar មាន ១៣ពិន្ទុ ខណៈក្រុម Goodhill, កំពង់ចាម, បាយ័ន និងក្រុមបាសាក់ គឺសុទ្ធតែមាន ១០ពិន្ទុ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត