យ៉េន ឌីណា ផ្តួលកីឡាករថៃបានសម្រេច ប៉ុន្តែបាត់បង់ឱកាសទទួលបានប្រាក់រង្វាន់ ១លានរៀល

នូ មករា May 2, 2017


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជាយ៉េន ឌីណា បានបាត់បង់ឱកាសដើម្បីបានទទួលប្រាក់រង្វាន់ចំនួន ១លានរៀលពីស្រាអាឡិចហ្សង់វីស្គីកាលពីថ្ងៃទី៣០ ខែមេសាកន្លងទៅលើសង្វៀនអាសុីអាគ្នេយ៍ បន្ទាប់ពីតំណាងក្រុមហ៊ុនបានប្រកាសថា គេនឹងទទួលបានប្រាក់រង្វាន់នេះ ប្រសិនបើអាចផ្ដួលអ្នកប្រដាល់ថៃ Phat Chhayakphum បានមិនហួសពីទឹកទី៣នោះ ។ ជាមួយនឹងការប្រកាសផ្ដល់រង្វាន់បែបនេះ ឌីណាបានចាប់ផ្ដើមវាយប្រការលើគូប្រកួតតាំងពីដើមទឹកទី១ម្ល៉េះ ។ អាវុធដែលមានទាំងប៉ុន្មានគេបានបញ្ចេញទាំងអស់គឺតាំងពីកែង កណ្ដាប់ដៃ និងជង្គង់ ។ យ៉ាងណាក៏ដោយ ឌីណាមិនសូវហ៊ានវាយកៀកគូប្រកួតឡើយព្រោះជង្គង់របស់គេចាញ់ប្រៀប Phat Chhayakphum ។

នៅទឹកទី៣ ដែលជាទឹកចុងក្រោយដើម្បីកាត់សចក្តីថាបានទទួលរង្វាន់ឬអត់នោះ យ៉េន ឌីណាបានទាត់មួយជើងចំកញ្ចឹង ក បណ្ដាលឲ្យ Phat Chhayakphum ដួលហើយត្រូវអាជ្ញាកណ្ដាលរាប់ដល់៨ ។ឌីណាត្រេកអរយ៉ាងខ្លាំងព្រោះគេជឿថាអ្នកប្រដាល់ថៃរូបនេះមិនអាចក្រោកបន្តការប្រកួតបានទៀតឡើយ ប៉ុន្តែរូបគេបានត្រឹមតែខកចិត្តព្រោះស្នូរជួងបញ្ចប់ទឹកទី ៣ បានបន្លឺឡើងហើយក៏ជាស្នូរជួងបញ្ចប់លក្ខខណ្ឌផ្ដល់រង្វាន់ដែរ ។ លុះដល់ទឹកទី៤ និងទឹកទី៥ ឌីណាហាក់ខ្សោះអស់កម្លាំងពីខ្លួន ហើយក្នុង២ទឹកចុងក្រោយនេះ Phat Chhayakphum បានវ៉ៃឌីណាឡើងទក់សាច់ ដោយកីឡាករកម្ពុជារូបនេះបានត្រឹមតែដងថយ និងការពាប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយ ឆ្លងកាត់ការប្រកួតពេញទាំង ៥ទឹករួចមក យ៉េន ឌីណាបានទទួលជ័យជម្នះដោយពិន្ទុលើ Phat Chhayakphum ទាំងខកចិត្ត ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត