កែវ សុខង៉ន ជូនចំណងដៃ​ ២គ្រាប់ដល់អ្នកគាំទ្រ និងប្រកាសចង់ចូលរួមក្រុមជម្រើសជាតិសារជាថ្មី!

នូ មករា April 29, 2017


ភ្នំពេញ៖ បន្ទាប់ពីរកបានគ្រាប់បាល់ ២គ្រាប់នៅក្នុងការប្រកួតជាមួយក្រុមបឹងកេតនាល្ងាចនេះរួចមក ខ្សែប្រយុទ្ធកែវ សុខង៉ន បានថ្លែងថា គ្រាប់បាល់ទាំង ២នេះគឺជាចំណងដៃសម្រាប់អ្នកគាំទ្រខណៈដែលថ្ងៃទី៣០ ខែមេសាស្អែកនេះក៏ជាថ្ងៃកំណើតរបស់រូបគេផងដែរ ។ កីឡាករដែលមានប្រភពមកពីខេត្តក្រចេះរូបនេះបានបន្ថែមថា៖ «វាជាការចងចាំដ៏ល្អមួយសម្រាប់ខ្ញុំ កាលពីឆ្នាំមុនយើងបានបរាជ័យ ១-០ ប៉ុន្តែពេលនេះយើងបានផ្តួលគូប្រកួតរបស់យើងបានវិញហើយ! ដូច្នេះនេះជាកាដូសម្រាប់អ្នកគាំទ្រទាំងអស់គ្នាដែលតែងតែគាំទ្រខ្ញុំ ក៏ដូចជាក្លឹបភ្នំពេញក្រោនទាំងមូល វាជាពិតជារឿងដ៏រីករាយសម្រាប់យើងទាំងអស់គ្នា!» ។

ជាងនេះទៅទៀត ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះបានប្តេជ្ញាចិត្តថានឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីបង្កើនជ័យជម្នះដល់ក្លឹបភ្នំពេញក្រោនក្នុងការប្រកួតលើកក្រោយទៀត ជាពិសេសគេសង្ឃឹមថានឹងអាចរួមចំណែកធ្វើឲ្យក្លឹបជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលនេះបានឈ្នះទាំងពានលីគកំពូល រួមទាំងពានសម្តេចហ៊ុន សែន ផងដែរ ។ បន្ថែមពីលើនេះ រូបគេបានលើកឡើងថា៖« ក្រៅពីជួយក្លឹប ខ្ញុំក៏មានបំណងចង់វិលត្រលប់ទៅចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជាផងដែរ ខ្ញុំបានឃ្លាតឆ្ងាយពីភារកិច្ចនេះជាច្រើនឆ្នាំហើយ ដូច្នេះខ្ញុំសង្ឃឹមថា អ្វីៗនឹងប្រសើរជាលំដាប់ទោះបីខ្ញុំមិនអាចលេងល្អដូចក្មេងៗស្រករក្រោយ ប៉ុន្តែខ្ញុំអាចចូលរួមជួយពួកគេលើផ្នែកណាមួយដែលខ្ញុំអាចធ្វើទៅបាន ប៉ុន្តែអ្វីៗវាស្ថិតលើការសម្រេចចិត្តរបស់គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដូច្នេះយើងមិនអាចដឹងពីអនាគតយ៉ាងណានោះទេ! ។»

សូមបញ្ជាក់ថា កែវ សុខង៉ន ដែលជាបងប្រុសបង្កើតរបស់ខ្សែប្រយុទ្ធវ័យក្មេងកែវ សុខផេង ធ្លាប់បានចូលរួមជាមួយក្រុមជម្រើសជាតិតាំងពីកម្រិតយុវជន រហូតដល់ដល់ឈុតធំកាលពីប៉ុន្មានឆ្នាំមុន ព្រមទាំងធ្លាប់មានប្រវត្តិលេងឲ្យក្លឹបភ្នំពេញក្រោននិងបានជួយឲ្យក្លឹបបានឈ្នះពានលីគកំពូលកម្ពុជាបាន ២លើក ព្រមទាំងពានសម្តេចតេជោហ៊ុន សែន បាន ២លើកផងដែរ មុននឹងចាកចេញទៅប្រកបអាជីពអស់រយៈពេល ១ឆ្នាំនៅក្លឹប Samut Sakhon ក្នុងប្រទេសថៃ ។ ក្រោយមករូបគេបានវិលត្រលប់មកប្រទេសកម្ពុជាវិញនាឆ្នាំ២០១២ និងបានចូលលេងនៅក្លឹបបឹងកេត ដោយបានជួយឲ្យក្លឹបថ្មីនេះបានឈ្នះពានលីគកំពូលកម្ពុជាជាលើកដំបូងផងដែរ ។ យ៉ាងណាក៏ដោយ កីឡាកររូបនេះបានវិលមកចូលរួមជាមួយក្លឹបភ្នំពេញក្រោនសារជាថ្មីក្នុងឆ្នាំ២០១៥ និងបានរួមចំណែកជួយឲ្យក្លឹបបានឈ្នះពានលីគកំពូលម្តងទៀត ដែលជាជ័យជម្នះលើកទី៤ សម្រាប់រូបគេ ៕

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត