កម្ពុជា ដាក់សំណើរទៅសហព័ន្ធប្រដាល់សកលពិភពលោកដើម្បីចេញហ្វឹកហាត់នៅក្រៅប្រទេស

នូ មករា April 29, 2017


ភ្នំពេញ៖ នៅសល់តែ៣ខែជាងទៀតប៉ុណ្ណោះ កម្ពុជានឹងត្រូវបញ្ជូនអត្តពលិករបស់ខ្លួនប្រភេទកីឡាទាំង ២២ប្រភេទទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី នាខែសីហា នេះហើយ ខណៈដែលប្រភេទកីឡាប្រដាល់សកលកំពុងតែព្យាយាមទាក់ទងទៅកាន់សហព័ន្ធកីឡាប្រដាល់សកលពិភពលោកដើម្បីសុំការហ្វឹកហាត់នៅក្រៅប្រទេសរយៈពេល ៣ខែ។
លោកប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានមានប្រសាសន៍ថា មកដល់ពេលនេះយើងកំពុងតែរង់ចាំភ្លើងខៀវរបស់សហព័ន្ធកីឡាប្រដាល់ទ្វីបអាស៊ី ដែលជាសេនាធិការរបស់សហព័ន្ធកីឡាប្រដាល់សកលពិភពលោកនឹងឆ្លើយតបបន្ទាប់ពីគេរៀបចំព្រឹត្តិការណ៍ជើងឯកកីឡាប្រដាល់សកលទ្វីបអាស៊ីរួចរាល់។ លោកបន្តថា ការស្នើសុំនោះ ខាងកម្ពុជាបានដាក់សំណើរបញ្ជូនអត្តពលិក ៤រូប រួមជាមួយគ្រូបង្វឹកមួយរូបដើម្បីធ្វើការហ្វឹកហាត់រយៈពេល៣ខែទាំងការស្នាក់នៅហូបចុក នៅប្រទេសកាហ្សាក់ស្ថាន ឬគុយបាដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីដែលនឹងខិតចូលមកដល់ក្នុងពេលឆាប់ៗនេះ។
ការស្នើសុំនេះកម្ពុជាបានដាក់សំណើរទៅ ២ប្រទេសដើម្បីសុំការហ្វឹកហាត់ គឺមានប្រទេសគុយបា និងកាហ្សាក់ស្ថាន ប៉ុន្តែលោកមានជំនឿចិត្ត ៧០ភាគរយថាអត្តពលិកកម្ពុជាយើងនឹងត្រូវបានទទួលការហ្វឹកហាត់នៅប្រទេសកាហ្សាក់ស្ថាន។ លោកបញ្ជាក់បន្ថែមថា មូលហេតុដែលសហព័ន្ធប្រដាល់កម្ពុជាបានដាក់សំណើរទៅប្រទេសកាហ្សាក់ស្ថាននោះគឺដោយសារតែកន្លែងហ្វឹកហាត់ស្ដង់ដាអន្តរជាតិរបស់សហព័ន្ធប្រដាល់សកលពិភពលោក (អៃបា) នៅទីនោះ ហើយសហព័ន្ធប្រដាល់សកលពិភពលោកក៏បានទម្លាក់ការស្នើនេះ មកឱ្យសហព័ន្ធកីឡាប្រដាល់សកលទ្វីបអាស៊ី ដែលមានទីស្នាក់ការនៅទីនោះចាត់ចែងតែម្ដង។
ជាមួយគ្នានេះផងដែរលោក ហ្គោល ឌិនតាំង អនុប្រធានគណៈកម្មកាជាតិអូឡាំពិកម្ពុជាក៏បានជួយឧបត្ថម្ភថ្លៃធ្វើដំណើរសម្រាប់ក្រុមកីឡាករប្រដាល់សកលកម្ពុជាដែលត្រូវចេញទៅហ្វឹកហាត់លើកនេះផងដែរ ៕
អត្ថបទ៖ រ័ត្ន

 

មតិយោបល់