លីគកំពូល៖ ទ័ព និងស្វាយរៀង បន្ដកំណត់ត្រាមិនស្គាល់ចាញ់ ខណៈបឹងកេត និងក្រោនបាន ៣ពិន្ទុបន្ថែម

នូ មករា April 24, 2017


ភ្នំពេញ៖ ការប្រកួតដ៏ជក់ចិត្តរវាងក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង និងក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ បានបញ្ចប់ដោយលទ្ធផល ០-០ នាជំនួបសប្ដាហ៍ទី៨ នៃពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៧កាលពីយប់មិញ ដែលធ្វើឲ្យក្រុមទាំងពីរបន្ដនូវកំណត់ត្រាមិនស្គាល់ចាញ់ដូចគ្នា ខណៈក្រុមបឹងកេតអង្គរ និងអតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន សុទ្ធតែបន្ថែម ៣ពិន្ទុរៀងៗខ្លួន ដើម្បីបានអង្គុយក្នុងប្រអប់ចំណាត់ថ្នាក់ ៤ក្រុមចុងក្រោយ (Top-4) ។

 គូឯកប្រចាំសប្ដាហ៍លើទីលានស្ដាតចាស់កាលពីយប់មិញនេះ គឺគ្មានការទាត់បញ្ចូលទីគ្នាឡើយ បើទោះបីក្រុមទាំងពីរព្យាយាមវាយសម្រុកគ្នាយ៉ាងណាក៏ដោយ ។ ការប្រកួតនេះគេសង្កេតឃើញក្រុមព្រះខ័នរាជស្វាយរៀង មានប្រៀបលើការទាត់ចំគោលដៅ តែពួកគេធ្វើមិនបានសម្រេច ។ ដោយសារការចង់ឈ្នះរៀងៗខ្លួន នៅចុងម៉ោងក៏ផ្ទុះការប៉ះទង្គិចគ្នាមួយប្រាវ បណ្ដាលឲ្យមានការពិន័យកាតក្រហមទៅលើខ្សែការពារក្រុមក្រសួងការពារជាតិកីឡាករ ពុំ តុលា មុននឹងអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតទៀតផង ។

ជាមួយនឹងការរក្សាលទ្ធផល ០-០ ក្នុងការប្រកួតរយៈពេល ៩០នាទីពេញនេះ បានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង កាពារបាននូវតំណែងកំពូលតារាងរបស់ខ្លួន និងមាន ២០ពិន្ទុដោយប្រកួត ៨លើកឈ្នះ៦ និងស្មើ២ ។ ចំណែកក្រុមក្រសួងការពារជាតិ នៅតែបន្ដដេញតាមពីក្រោយយ៉ាងប្រកៀកប្រកិតដដែល ដោយឈរលេខរៀងទី២ និងមាន ១៨ពិន្ទុ ក្រោយបញ្ចប់ការប្រកួត ៨លើកឈ្នះ៥ និងស្មើ៣ មិនស្គាល់ពាក្យចាញ់ដូចគ្នា។

ចំណែកក្រុមបឹងកេតវិញ គឺបានយកឈ្នះក្រុមណាហ្គាវើល ដោយផលទ្ធផល ២-១ នៅលើទីលានពហុកីឡដ្ឋានជាតិ ដើម្បីពង្រឹងកៅអីលេខ៣ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ។ នេះក៏ជាជំនួបពិសេសផងដែរ ដោយសារក្រុមចាញ់ ត្រូវខ្ទាតចេញពីប្រអប់ Top-4 ជាក់ស្ដែងការបរាជ័យរបស់ក្រុមណាហ្គាវើល បានធ្លាក់ពីលេខ៤ មកឈរលេខ៥ វិញ ដោយមាន ១២ពិន្ទុ ។ សម្រាប់ក្រុមបឹងកេត នៅបន្ដឈរលេខ៣ និងមាន ១៧ពិន្ទុជាមួយការប្រកួត ៨លើកឈ្នះ៥ ស្មើ២ និងចាញ់១ ។

ដោយឡែកក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ដោយលទ្ធផល ៥-៤ នៅលើទឹកដីរបស់ខ្លួន ដើម្បីដណ្ដើមកៅអី Top-4 ត្រឡប់មកវិញ ដោយឈរលេខរៀងទី៤ និងមាន ១៤ពិន្ទុ ក្រោយបញ្ចប់ការប្រកួត ៨លើកឈ្នះ៤ ស្មើ២ និងចាញ់២ ។ ចំពោះលទ្ធផល ៣ប្រកួតផ្សេងទៀត រួមមានក្រុម Cambodian Tiger លត់ម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ៦-១, ក្រុមអាស៊ីអឺរ៉ុប យកឈ្នះប៉ូលីស ២-១ និងក្រុមស៊ីម៉ាក់ ស្មើក្រុមវេស្ទើន ដោយលទ្ធផល ០-០ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត