កក្រើកទៀតហើយ! កម្ពុជាធ្វើម្ចាស់ផ្ទះវគ្គជម្រុះ AFC U-23 Championship China 2018

នូ មករា April 21, 2017


ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជម្រុះពូល J នៃពានរង្វាន់ AFC U23 Championship 2018 ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ ដោយត្រូវបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមខ្លាំងៗ ដូចជាចិន ជប៉ុន និងហ្វីលីពីន ដែលសុទ្ធតែជាក្រុមមានកម្រិតសមត្ថភាពលើខ្លួន ។

គួរបញ្ជាក់ថា ដំបូងឋានៈជាម្ចាស់ផ្ទះការប្រកួតជម្រុះពូល J នេះ គឺជារបស់ក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំចិន ដែលជាក្រុមត្រៀមធ្វើម្ចាស់ផ្ទះជុំផ្ដាច់ព្រ័ត្រស្រាប់ ។ ប៉ុន្ដែកាលពីម្សិលមិញ ស្រាប់តែសហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) បានប្រកាសជាផ្លូវការថា ក្រុមជម្រើសជាតិក្រោយអាយុ ២៣ឆ្នាំកម្ពុជា ត្រូវទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតជម្រុះពូល J ជំនួសចិនវិញ ដោយមិនបានបញ្ជាក់ពីមូលហេតុអ្វីឡើយ ។

យ៉ាងណានេះគឺជាដំណឹងល្អមួយ សម្រាប់អ្នកគាំទ្រកម្ពុជា ដែលតែងតែនិយមគាំទ្រក្រុមជម្រើសជាតិកម្ពុជា ដើម្បីបានទស្សនាកម្សាន្ដលើទឹកដីរបស់ខ្លួន ។ ប៉ុន្ដែយ៉ាងណាការប្រកួតអាចនឹងមានភាពតានតឹងបំផុតសម្រាប់ក្រុមម្ចាស់ផ្ទះ U-23កម្ពុជា ដោយគូប្រជែង ពិសេសចិន និងជប៉ុន សុទ្ធតែជាក្រុមខ្លាំងៗប្រចាំទ្វីបអាស៊ី តែគេរំពឹងថា កម្ពុជានឹងទទួលបានបទពិសោធន៍កាន់តែល្អ ជាមួយនឹងការបង្ហាញទម្រង់លេងកាន់តែប្រសើរ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Leonardo Luiz ៕

អត្ថបទ៖ បុត្រា

មតិយោបល់