ក្រុមហ៊ុន AIR ASIA ផ្តល់សំបុត្រយន្តហោះ Free សម្រាប់មន្ត្រីរៀបចំសុីហ្គេម​ និងបារ៉ាហ្គេមឆ្នាំនេះ

នូ មករា April 21, 2017


ភ្នំពេញ៖ នៅក្នុងកិច្ចព្រមព្រៀងកាលពីសប្ដាហ៍មុននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនោះ លោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group បានចុះហត្ថលេខាជាផ្លូវការមួយដើម្បីផ្តល់ការដឹកជញ្ជូនមន្ដ្រីគណៈកម្មការ រៀបចំការប្រកួតបារ៉ាហ្គេមដោយឥតគិតថ្លៃ ខណៈដែលពួកគេត្រូវចូលរួមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី៩ ដែលនឹងធ្វើឡើងនៅរាជធាណីកូឡាឡាំពួរនាខែកញ្ញា ខាងមុខនេះ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ីនឹងចាប់ផ្ដើមពីថ្ងៃទី១៩-៣១ ខែសីហាខាងមុខ ដោយមានកីឡា ៣៨ប្រភេទស្មើនឹង ៤០៥វិញ្ញាសា ត្រូវបានគណៈកម្មការកំណត់ដាក់ឲ្យប្រកួត ។ រីឯពិធីបិទការប្រកួតត្រូវឡើងចំថ្ងៃបុណ្យឯករាជ្យជាតិលើកទី៦០ របស់ប្រទេសម៉ាឡេស៊ី តែម្ដង ។

ចំណែកការប្រកួត កីឡាអាស៊ានបារ៉ាហ្គេមលើកទី៩ គឺចាប់ផ្ដើមប្រកួត ពីថ្ងៃទី១៧-២៣ ខែកញ្ញា ដោយផ្ដោតលើកីឡាផ្នែកកីឡាចំនួន ១៦ប្រភេទផងដែរ ។ ប្រធានរៀបចំព្រឹត្តិការណ៍នេះ បានថ្លែងថា៖ «ខ្ញុំពិតជាមានមោទកភាពណាស់ ចំពោះការប្ដេជ្ញាបន្ត ការឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុន AirAsia និងឆន្ទៈក្នុងការជួយដល់ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ និងថ្នាក់តំបន់។ នេះបង្ហាញឲ្យឃើញថា AirAsia បានសម្រេចចិត្ត និងប្ដេជ្ញាក្នុងការផ្ដល់ជូនសហគមន៍តាមរយៈកីឡា ហើយខ្ញុំពិតជាអបអរសាទរខ្លាំងណាស់ចំពោះសកម្មភាពនេះ» ។

លោក Tony Fernandes បានលើកឡើងថា៖ «ក្រុមហ៊ុនមានមោទកភាពក្នុងការបម្រើការហោះហើរសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំនេះ ហើយលោកគាំទ្រការប្រកួតប្រជែងដ៏ធំប្រចាំតំបន់នេះដែរ ។ លោកបន្ដថា នេះគឺជាសញ្ញាចាប់ផ្ដើមមួយដ៏ល្អក្នុងការផ្សារភ្ជាប់គ្នាកាន់តែមានអត្ថន័យធំធេងជាមួយវិស័យកីឡា និងទស្សនៈរបស់ក្រុមហ៊ុនអាកាសចរណ៍ខ្លួនដើម្បីប្រែក្លាយសុបិនក្លាយជាការពិតជូនដល់ អត្តពលិកម្នាក់ៗ» ៕

អត្ថបទ៖ រត្ន័

មតិយោបល់