ឃុន ក្រុងថេបប្រកាសសងសឹកឃីម ឌីម៉ាបន្ទាប់ពីឈ្នះសូត្រ ប៊ុនធីដោយពិន្ទុ

នូ មករា April 11, 2017


ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងថៃឃុន ក្រុងថេប បានប្រកាសយ៉ាងគឃ្លើនថាគេត្រៀមខ្លួនដើម្បីប្រកួតសងសឹកជាមួយឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ។ អំណួតមួយនេះបានលេចចេញពីមាត់របស់ឃុន ក្រុងថេប បន្ទាប់ពីគេប្រកួតឈ្នះសូត្រ ប៊ុធី មកពីក្លិបបក្សីស្លាបដែកដោយពិន្ទុកាលពីយប់ថ្ងៃទី៩ ខែមេសាលើសង្វៀនអាស៊ីអាគ្នេយ៍រួចមក ។ តាមពិតទៅ ក្រុងថេបធ្លាប់ផ្ដួលជើងខ្លាំងកម្ពុជាផល សោភ័ណ្ឌ មកពីក្លិបតាឡីដំរីមានរិទ្ធមុនស្នូរជួងបញ្ចប់ទឹកទី១ ។ ជាមួយនឹងជ័យជម្នះនេះឃុន ក្រុងថេបបានសុំសាកជាមួយឃីម ឌីម៉ាដែលទើបតែដណ្ដើមបានខ្សែក្រវាត់ថ្មីៗ ប៉ុន្តែកាលនោះក្រុងថេបត្រូវឌីម៉ាផ្ដួលបាននៅទឹកទី៥ ។ ការបរាជ័យនេះមិនបានធ្វើឲ្យក្រុងថេប ស្ងប់ចិត្តឡើយហើយគេបានប្រកាសថាត្រូវតែសងសឹកជាមួយឌីម៉ា ហើយគេក៏ត្រៀមខ្លួនដើម្បីប្រកួតជាមួយអ្នកខ្លាំងទាំងអស់ក្នុងស្រុកខ្មែរដែលស្ថិតក្នុងប្រភេទទម្ងន់ជាមួយគេ ។

លោកញាន សុធីអ្នកគ្រប់គ្រងកម្មវិធីប្រកួតប្រដាល់របស់សង្វៀនអាស៊ីអាគ្នេយ៍បានអះអាងអ្នកប្រដាល់ថៃរូបនេះពិតជាសុំឲ្យលោករៀបចំឱកាសឲ្យគេបានប្រកួតសងសឹកជាមួយឃីម ឌីម៉ាផងព្រោះគេមិនទាន់អស់ចិត្តចំពោះការចាញ់កន្លងមកនេះទេ ។ បើតាមការគ្រោងទុកបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរហើយគឺនៅថ្ងៃទី២១ ខែមេសា លោកនឹងរៀបចំឲ្យគេប្រកួតសងសឹកហើយបើគេចង់ប្រកួតជាមួយនរណាទៀតនោះលោកនឹងរៀបចំឲ្យជួបប្រកួតគ្នាបាន ។ គួរបញ្ជាក់ថាឃុន ក្រុងថេបមានប្រវត្តិប្រកួតចំនួន៧០ដង ឈ្នះ៦៣ដង និង ចាញ់៧ដង ។ ចំពោះឌីម៉ាវិញមានប្រវត្តិប្រកួតចំនួន ៩០ដង ឈ្នះ ៧៦ដង ចាញ់ ១២ដង និងស្មើពិន្ទុ ២ ដង ។ ប្រសិនបើគ្មានការផ្លាស់ប្ដូរទេនោះនៅថ្ងៃទី២១ ខែមេសាអ្នកប្រដាល់ទាំង ២ រូបនេះនឹងជួបគ្នាម្ដងទៀតនៅលើសង្វៀនអាស៊ីអាគ្នេយ៍ ។ ជំនួបលើកទី២ នេះទាំងសងខាងប្រាកដជាទ្រោមខ្លួនដូចគ្នាមិនខានឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់