ក្រុមកីឡាវាយកូនបាល់កម្ពុជាឈ្នះយ៉ាងត្រចះត្រចង់​ និងកក់កៅអី Davis Cup 2018 ក្រុម III រួចជាស្រេច

នូ មករា April 11, 2017


ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែមេសា ម្សិលមិញក្រុមកីឡាករជម្រើសជាតិកម្ពុជាបានវិលកាន់មាតុប្រទេសវិញហើយជាមួយនឹងជោគជ័យដ៏ធំបំផុតដោយដណ្ដើមបានកៅអីក្រុម III ជាថ្មី ដើម្បីចូលលេងវគ្គជម្រុះព្រឹត្តិការណ៍ Davis Cup ឆ្នាំ២០១៨ខាងមុខ ដោយក្រុមគណៈប្រតិភូកម្ពុជាទទួលបានការស្វាគមន៍ផងដែរពីសំណាក់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា រួមទាំងអ្នកសារព័ត៌មាន ក៏ដូចជាអ្នកគាំទ្រជាច្រើននាក់។

លោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានសម្ដែងសេចក្ដីសោមនស្សរីករាយក្រែលែង ដែលកម្ពុជាវិលទៅកាន់ក្រុម III នៃព្រឹត្តិការណ៍ Davis Cup ឆ្នាំ២០១៨ ជាថ្មី ។ មិនតែប៉ុណ្ណោះ លោកក៏បានកោតសរសើរចំពោះកីឡាករ គ្រូបង្វឹក និងថ្នាក់ដឹកនាំកីឡាវាយកូនបាល់កម្ពុជា ដែលខិតខំប្រឹងរហូតទទួលបានភាពជោគជ័យនេះផងដែរ ។ អគ្គលេខាធិការសហព័ន្ធ និងជាប្រធានប្រតិភូដឹកនាំបេសកកម្មនេះ លោក ទេព រិទ្ធីវិទ្ធ បានឲ្យដឹងថា៖ «ភាគជោគជ័យនេះ គឺកើតចេញពីសាមគ្គីភាពជាក្រុមរបស់កីឡាករម្នាក់ ពិសេសគឺកីឡាករថ្មី ឡុង សំនៀង និង អោ សារិទ្ធ ដែលបង្ហាញពីភាពខ្លាំងរបស់ពួកគេ ទាំងការប្រកួតលើវិញ្ញាសាឯកត្តជន និងវិញ្ញាសាវាយជាគូ ដើម្បីរួមចំណែកឲ្យក្រុមកីឡាវាយកូនបាល់កម្ពុជាទទួលបានជ័យជម្នះ ជាមួយកីឡាករឆ្នើម ប៊ុន កេន្នី និង ម៉ម ផល្គុន ។ »

 

សូមបញ្ជាក់ថា នៅក្នុងការប្រកួតដណ្ដើមយកកៅអីចូលរួមប្រកួតកីឡាតេនីស Davis Cup ឆ្នាំ២០១៨ ដែលត្រូវបានរៀបចំឡើងនៅទីក្រុងអ៊ីសា ប្រទេសបារ៉ែន ដែលទើបតែបញ្ចប់នោះ ក្រុមកម្ពុជាធ្វើបានយ៉ាងល្អគួរឲ្យកោតសរសើរដោយឈរនៅចំណាត់ថ្នាក់លេខ១ ពូល A បន្ទាប់ពីបានយកឈ្នះមីយ៉ាន់ម៉ា ៣-០ ឈ្នះកៀគីស្ថាន ២-១ ឈ្នះម្ចាស់ផ្ទះបារ៉ែន ៣-០ និងឈ្នះអារ៉ាប៊ីសាអូឌីត ២-១ ផងដែរ ។ ក្នុងនាមជាក្រុមលេខ១ពូល A កម្ពុជា បានប៉ះជាមួយអូម៉ង់ ដែលស្ថិតនៅលេខ២ ពូល B ខណៈអារ៉ាប៊ីសាអូឌីត លេខ២ ពូល A ជួបសិង្ហបុរី លេខ១ ពូល B។
ក្នុងជំនួបដ៏សំខាន់ជាមួយអូម៉ង់ កីឡាករ ឡុង សំនៀង បានប្រឹងវាយបកដើម្បីយកឈ្នះកីឡាករ Mohammed Al Nabhani ២-១ ។ នៅសិតទី១ កីឡាករអូម៉ង់ បានយកឈ្នះ ៦-៣ ប៉ុន្តែសំនៀង មានការរៀបចំខ្លួនបានយ៉ាងល្អរហូតទទួលបានជ័យជម្នះ ៦-២, ៦-៤ វិញ។ ឈានដល់ការប្រកួតគូទីពីរលើវិញ្ញាសាឯកត្តជនដដែល ប៊ុន កេន្នី បានតទល់ជាមួយ Abdullah Al Barwani។ ក្នុងការប្រកួតនេះ កីឡាករលំដាប់ទីមួយរបស់កម្ពុជា យកឈ្នះក្នុងលទ្ធផល ២-០ (៦-២, ៦-១ )។ ជ័យជម្នះ២ ប្រកួតជាប់ៗគ្នាលើវិញ្ញាសាវាយទោល គ្រប់គ្រាន់សម្រាប់កម្ពុជាក្នុងការទទួលបានកៅអីទៅលេង Group III ប្រចាំតំបន់អាស៊ី/អូសេអានី នាឆ្នាំ២០១៨ ជាមួយមិត្តរួមក្រុមពូល A អារ៉ាប៊ីសាអូឌីត ដែលបានបិទឱកាសសិង្ហបុរី លេខ១ ពូល B ក្នុងលទ្ធផល ២-១ ។
សូមរំឮកថា ក្រុមកីឡាវាយកូនបាល់កម្ពុជា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Davis Cup លើកទី១ កាលពីឆ្នាំ២០១២ ដោយចូលរួមប្រកួតក្នុងក្រុម IV ហើយបានឡើងទៅក្រុម III ចំនួន ៣ឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ២០១៣-២០១៥ ។ ប៉ុន្ដែដោយសារកីឡាករមានរបួសច្រើន ធ្វើឲ្យការប្រកួតឆ្នាំ២០១៦ ទទួលបានលទ្ធផលមិនល្អ ក៏ធ្លាក់មកលេងក្រុម IV ជាថ្មី នៅក្នុងឆ្នាំ២០១៧នេះ មុនពួកគេព្យាយាមដណ្ដើមបានកៅអីក្រុម III ត្រឡប់មកវិញ នៅឆ្នាំ២០១៨ ខាងមុខ ៕
អត្ថបទ៖ រត្ន័

មតិយោបល់