KRE-League៖ ប្រធានក្រុម Anvaya អត់ហ៊ានរំពឹងឡើងវគ្គ ១/២ ព្រោះមិនទាន់ជួបក្រុមខ្លាំង

នូ មករា April 10, 2017


ភ្នំពេញ៖ លោក ម៉េង ភិរុន ប្រធានក្រុមបាល់ទាត់មិនអាជីព Anvaya បានបង្ហាញពីការត្រៀមខ្លួនយ៉ាងល្អ នៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់អាជីពចម្រុះ Khmer Real Estate League រដូវកាលថ្មី ឆ្នាំ២០១៧ ប៉ុន្ដែលោកមិនហ៊ានព្យាករណ៍ពីក្ដីរំពឹងឆ្ពោះទៅវគ្គ ៤ក្រុមចុងក្រោយ ឬវគ្គ ១/២ផ្ដាច់ព្រ័ត្រនោះទេ ដោយសារឆ្លងកាត់ ៣ប្រកួតនាដើមរដូវកាលកន្លងទៅ មិនទាន់បានជួបក្រុមខ្លាំងៗនៅឡើយ ។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីក្រុម Anvaya បានយកឈ្នះក្រុមបាយ័ន ដោយលទ្ធផល ៣-០ ក្នុងការប្រកួតសប្ដាហ៍ទី៤ ពីម្សិលមិញ ។

លោក ម៉េង ភិរុន បាននិយាយថា Anvaya ទើបប្រកួតបាន ៣ប្រកួតទេ ដោយសារលើកពេលមួយប្រកួត ព្រោះភ្លៀងខ្លាំងប្រកួតមិនកើត ។ ប៉ុន្ដែ ៣ប្រកួតនោះ កូនក្រុមរបស់ខ្លួនធ្វើបានយ៉ាងល្អ ដោយទទួលបានជ័យជម្នះជាប់ៗគ្នា ដើម្បីទទួលបាន ៩ពិន្ទុពេញ ។ ប៉ុន្ដែយ៉ាងណាជ័យជម្នះនាដើមរដូវកាលនេះ មិនបញ្ជាក់ថា Anvaya មានសង្ឃឹមបានឡើងវគ្គ ១/២ផ្ដាច់ព្រ័ត្រនោះទេ ព្រោះ ៣ប្រកួតកន្លងមក គឺជួបក្រុមមានសមត្ថភាពកម្រិតក្រោមខ្លួន មិនទាន់ជួបក្រុមខ្លាំងនៅឡើយ ។ តែអ្វីដែលលោកព្រួយបារម្ភ រួមមានក្រុមម្ចាស់ពាន Khmer United, ក្រុមនិស្ស័យ និងក្រុម Avatar ដែលជាក្រុមកំពុងឈរលំដាប់កំពូលតារាង ដូច្នេះលោកនឹងត្រៀមខ្លួនឲ្យបានកាន់តែល្អ ដើម្បីត្រៀមការប្រកួតដ៏សំខាន់នាពេលខាងមុខ ។

គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី៤ ក្រុមនិស្ស័យ និងក្រុម Avatar នៅតែបន្ដឈរកំពូលតារាង និងមាន ១២ពិន្ទុស្មើគ្នា ក្រោយទទួលបានជ័យជម្នះ ៤ប្រកួតជាប់គ្នា ខណៈប្រកួតចុងក្រោយក្រុមនិស្ស័យ លត់ក្រុមកូនខ្មែរ ៥-០ និងក្រុម Avatar លត់ក្រុម V.Train ៤-១ ។ ចំណែកក្រុមម្ចាស់ពាន Khmer United កំពុងឈរចំណាត់ថ្នាក់លេខ៣ និងមាន ១០ពិន្ទុជាមួយលទ្ធផល ៤ប្រកួតឈ្នះ៣ និងស្មើ១ គ្រាដែលប្រកួតចុងក្រោយលត់ក្រុម Havas ដោយលទ្ធផល ៥-២ លើទីលានដំរីសកាលពីម្សិលមិញ ៕

អត្ថបទ៖ បុត្រា

មតិយោបល់