សូត្រ ប៊ុនធី ប្រកាសមិនញញើតជើងខ្លាំងថៃ ឃុន ក្រុងថេប ឡើយ!

នូ មករា April 8, 2017


ភ្នំពេញ៖ អ្នកប្រដាល់សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែកដែលមួយរយៈនេះគេតែងតែយកឈ្នះគូប្រកួតមុនទឹកទី៥ដោយប្រើកែងនោះបានណាត់ប្រកួតជាមួយកំពូលអ្នកលេងកែងមកពីស្រុកថៃឃុន ក្រុងថេប (Khun Krongthep) លើសង្វៀន អាស៊ីអាគ្នេយ៍យប់ថ្ងៃទី៩មេសា ។ ក្រុងថេបមិនមែនជាអ្នកប្រដាល់ដែលខ្សោយនោះទេគេធ្លាប់ផ្ដួលអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាផល សោភ័ណ្ឌ របស់ក្លិបតាឡីដំរីមានរិទ្ធនៅទឹកទី ១ តែគេត្រូវអ្នកប្រដាល់កម្ពុជាឃីម ឌីម៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យផ្ដួលបានវិញនៅទឹកទី ៥ ។ ពេលនេះកំពូលអ្នកលេងកែងត្រូវជួបប្រកួតគ្នាហើយ ។ គេហាក់មិនទាន់អស់ចិត្តចំពោះបរាជ័យរបស់គេក្រោមជង្គង់ និងកែងរបស់ឌីម៉ាឡើយ ។ បន្ទាប់ពីប្រកួតជាមួយសូត្រ ប៊ុនធីហើយគេប្រកាសសុំសងសឹកជាមួយឌីម៉ាម្ដងទៀត ។

ឃុន ក្រុងថេបគេមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៦២ដង ចាញ់៧ដង ។គេក្រៅពីកែងនោះកណ្ដាប់ដៃរបស់គេមិនស្រួលទប់ទល់ដែរ ។ស្នៀតជើងរបស់គេក៏មិនអន់នោះទេមិនតែប៉ុណ្ណោះចិត្តរបស់គេហ៊ាន និង ការពារបានល្អទៀតផង ។ ចំពោះប៊ុនធីវិញកម្ពស់របស់គេល្អកែង និងជង្គង់របស់គេក៏មិនស្រួលទប់ទល់ដែរ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៧០ដង ចាញ់១៤ដង និងស្មើពិន្ទុ ៤ដង ។អ្នកលេងកែងជួបអ្នកលេងកែងមិនដឹងថាកែងនរណាវ៉ៃចេញមានប្រសិទ្ធិភាពជាងនោះទេ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់