ថ្នាក់ដឹកនាំកីឡាហែលទឹក រំពឹងថាកីឡាករ កីឡាការិនីនឹងធ្វើបានល្អក្នុងព្រឹត្តិការណ៍ SEA AGE GROUP ឆ្នាំនេះ

នូ មករា April 7, 2017


ភ្នំពេញ៖ លោកហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកស្មគ្រ័ចិត្តកម្ពុជាបានមានប្រសាសន៍ក្នុងពិធីរាត្រីស្រមោលសរប្រកាសជ័យលាភីអត្តពលិកឆ្នើមកាលពីចុងខែមីនាកន្លងទៅថា លោកសង្ឃឹមថាកីឡាករ កីឡាការិនីហែលទឹកកម្ពុជានឹងអាចធ្វើបានល្អក្នុងការប្រកួត SEA AGE GROUP ឆ្នាំនេះ ។  ការលើកឡើងនេះ បានធ្វើឡើងក្រោយពីសហព័ន្ធរបស់លោកបានទទួលការឧបត្ថម្ភជាគ្រូបង្វឹកហែលទឹកជនជាតិជប៉ុន ពីអង្គការ JICA រយៈពេលជាងកន្លះឆ្នាំមកនេះ ដោយលោកជាក់ជាក់ថានឹងធ្វើបានល្អ ប៉ុន្តែមិនហ៊ានធានារឿងមេដាយឡើយ ។
លោកបានមានប្រសាសន៍បែបនេះថា នាឆ្នាំនេះយើងទទួលបានអត្តពលិកវ័យក្មេងជាថ្នាលចំនួន ១៤ នាក់ ស្រី ៧ ប្រុស ៧ និងគ្រូបង្វឹក ២ នាក់ដែលទទួលបានរបបអាហារបំប៉នពីក្រសួងអប់រំ យុវជន និងកីឡា ដោយការហ្វឹកហាត់របស់ពួកគេសព្វថ្ងៃ ពិតជាល្អ ជាងឆ្នាំមុនក្រោយពីទទួលបានការបង្វឹកពីអ្នកគ្រូ Saki IKuyama ជនជាតិជប៉ុនរូបនេះ ។ លោកបន្តថា៖ «រឿងឈ្នះ និងចាញ់ គឺជារឿងធម្មតានៅក្នុងកីឡាហើយគ្រប់សហព័ន្ធអ្នកណាក៏ជួបប្រទះរឿងនេះដែរ ប៉ុន្តែការឈ្នះមេដាយ គឺមិនធានាថាបាន ១០០ភាគរយនោះទេ គ្រាន់តែខ្ញុំជាក់ជាក់ថា ប្រភេទកីឡាហែលទឹកប្រាកដជាទទួលបានលទ្ធផលល្អនៅ SEA AGE GROUP ឆ្នាំនេះ ដូចដែលធ្វើបានល្អកាលពីឆ្នាំ២០១៦ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅអុឹចឹងដែរ។
បើតាមការប្រកួតកន្លងមក ប្រភេទកីឡាហែលទឹករបស់ព្រះរាជាណាចក្រកម្ពុជាបានខកខានឱកាសក្នុងការឈ្នះមេដាយពីព្រឹត្តិការណ៍អន្តរជាតិរយៈពេលជាង ៤០ ឆ្នាំមកហើយ ពោលគឺក្រោយពីអតីតអ្នកឈ្នះមេដាយមាសកម្រិតអាស៊ានលោកហែម ថុន បានឈ្នះក្នុងទស្សវត្សរ៍១៩៦២ និង ១៩៦៥ អត្តពលិករបស់កម្ពុជា មិនទាន់ទទួលបានឱកាសឈ្នះនៅឡើយទេ។ ជាមួយគ្នានេះដែរ ផែនការដណ្តើមយកមេដាយរបស់ព្រឹទ្ធាចារ្យហែម ថុន ឲ្យបានក្នុងឆ្នាំ ២០១៥ ត្រូវបានបរាជ័យទៅវិញដោយសារតែលោកបានទទួលមរណភាពចោលការងារនេះ ហើយបានបន្តកេរមរតកកីឡាហែលទឹកនេះទៅដល់កូនប្រុសរបស់លោកគឺលោកហែម គីរី អគ្គលេខាធិការខ្មែរកីឡាហែលទឹក នាពេលបច្ចុប្បន្ន។
 ជាមួយគ្នានេះដែរ គ្រូបង្វឹកជនជាតិជប៉ុនអ្នកស្រី Saki IKuyama ដែលចាប់ផ្ដើមបង្វឹកអត្តពលិកហែលទឹកតាំងពីខែកុម្ភៈនោះបាននិយាយថា៖ «ខ្ញុំបានមកធ្វើគ្រូបង្វឹកឲ្យកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជារយៈពេល ២ ឆ្នាំមកហើយ ក្នុងនោះ ខ្ញុំបានធ្វើការអស់ ១ ឆ្នាំហើយដើម្បីបង្វឹកអត្តពលិកហែលទឹកឲ្យមានបច្ចេកទេសល្អប្រសើរជាងមុន»។ Saki បានបន្តថា៖ «ខ្ញុំបានព្យាករ និងកំណត់ក្នុងផែនការបង្វឹករបស់ខ្ញុំថានៅខែធ្នូ ឆ្នាំ២០១៧ ខាងមុខ ក្នុងព្រឹត្តិការណ៍ប្រកួត SEA AGE GROUP លើកទី៤១ នៅប្រទេសប្រ៊ុយណេ នាថ្ងៃទី១០-១២ ខែតុលា នៅឆ្នាំ២០១៧ អត្តពលិកកម្ពុជានឹងដណ្តើមបានមេដាយឲ្យបាន»។ អ្នកគ្រូបង្វឹករូបនេះបញ្ជាក់ថា៖ «ចំពោះអត្តពលិកជម្រើសជាតិហែលទឹកអាយុច្រើន ខ្ញុំមិនហ៊ានវាយតម្លៃ ឬកំណត់គោលដៅទេ ប៉ុន្តែសម្រាប់អត្តពលិកវ័យក្មេងជាថ្នាល គឺខ្ញុំកំណត់គោលដៅឲ្យបាននៅឆ្នាំ ២០១៧ នេះ»។
ការអះអាងរបស់គ្រូបង្វឹករូបនេះបានកើតឡើងដោយផ្អែកលើសក្តានុពលកម្រិតបច្ចេកទេសរបស់កីឡាករកម្ពុជាចំនួន ២ នាក់ គឺកីឡាករអន លីហេង ហែលកង្កែប ១០០ ម៉ែត្រ និងជុំ ចាន់ថន ហែលកង្កែប ៥០ ម៉ែត្រ។ អ្នកស្រី Saki បានបញ្ជាក់ថា៖ «កាលពីមុន ពួកគេបានប្រើពេល ៣៧,៩០ វិនាទី ប៉ុន្តែបច្ចុប្បន្ន ពួកគេបានប្រើពេល ៣២,៤១ វិនាទី ហើយសម្រាប់ចុងឆ្នាំ ២០១៧ នេះ យើងនឹងប្រឹងឲ្យបានពេលវេលាល្អជាងនេះ គឺ ៣១,២៤ វិនាទី ដែលជាកម្រិតបច្ចេកទេសចំណាត់ថ្នាក់លេខ ១ កាលពីប្រកួតនៅប្រទេសថៃកន្លងមក»៕
រត្ន័

មតិយោបល់