ជើងខ្លាំងកម្ពុជាទាំង ៣ រូបចេញទៅបារាំងហើយដើម្បីត្រៀមប្រកួតថ្ងៃទី១៥ ខាងមុខ!

នូ មករា April 6, 2017


ភ្នំពេញ៖ នាវេលាម៉ោង៣រសៀលថ្ងៃទី៦ ខែមេសានេះអ្នកប្រដាល់គុនខ្មែរកម្ពុជា ៣រូបបានចេញដំណើរទៅកាន់ប្រទេសបារាំងហើយដើម្បីចូលរួមប្រកួតជាលក្ខណៈមិត្តភាពជាមួយអ្នកប្រដាល់បារាំងនៅថ្ងៃទី១៥ ខែមេសា ខាងមុខនេះ​ ។ ក្នុងចំណោមជើងខ្លាំងទាំង ៣មានដូចជា សេន ប៊ុនថេន មកពីក្លិបតាព្រហ្មមានជ័យដែលធ្លាប់ចេញទៅប្រកួតប្រទេសបារាំងចំនួន ៧លើកមកហើយៗរំពឹងថារូបគេនឹងដណ្ដើមជ័យជម្នះឲ្យខាងតែបាន ។ អ្នកប្រដាល់រូបនេះក៏បានទទួលស្គាល់ថា អ្នកប្រដាល់គុនខ្មែរនៅស្រុកបារាំងមិនខ្សោយនោះទេ ប៉ុន្តែរូបគេបានត្រៀមខ្លួនល្អណាស់សម្រាប់ការប្រកួតនេះទាំងកម្លាំង ទាំងកលល្បិច ។ សេន ប៊ុនថេន បានអះអាងថាគេប្រកួតក្នុងប្រភេទទម្ងន់៧២គីឡូក្រាម ។

ចំណែកឡៅ ចន្ទ្រា មកពីក្លិបទ័ពឆ័ត្រយោង៩១១ បាននិយាយថានេះជាលើកទី១ ហើយដែលរូបគេបានចេញទៅប្រកួតនៅប្រទេសបារាំង ។ ក្នុងឋានៈជាអ្នកប្រដាល់ជម្រើសជាតិគុនខ្មែរក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាមនោះចន្ទ្រាមិនហ៊ានអះអាងមុនពីរឿងចាញ់-ឈ្នះនោះទេ ប៉ុន្តែគេជាអ្នកដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមផងនោះគេត្រូវការណាស់នូវការប្រកួតព្រោះកាំបិតបើសំលៀងហើយត្រូវតែកាប់សាកមើលតើមុត ឬមិនមុត ។

មួយរូបទៀតនោះ​គឺ អ្នកប្រដាល់ម៉ឺន សុភា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ ដែលបានចាត់ទុកថានេះក៏ជាការប្រកួតដ៏សំខាន់ ព្រោះរូបគេជាអ្នកប្រដាល់ជម្រើសជាតិគុនខ្មែរប្រភេទទម្ងន់ ៦៩គីឡូក្រាម ។ សុភា ជឿថាគូប្រកួតរបស់គេពិតជាខ្ពស់ តែគ្រូបង្វឹករបស់គេបានប្រាប់គេហើយថាវ៉ៃរកកន្លែងដែលឈឺឲ្យបានច្រើននោះគូប្រកួតប្រាកដជាញញើតហើយ ។

លោកម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធកីឡាគុនខ្មែរមានប្រសាសន៍ថា នេះជាការប្រកួតដ៏សំខាន់មួយ ព្រោះសហព័ន្ធត្រូវការគូប្រកួតខ្លាំងៗដើម្បីវាស់ស្ទង់សមត្ថភាពអ្នកប្រដាល់យើងមុនពេលទៅស៊ីហ្គេម ម្យ៉ាងទៀតនេះក៏ជាឱកាសមួយដែលយើងបានផ្សព្វផ្សាយពីប្រដាល់គុនខ្មែររបស់យើងនៅស្រុកបារាំងដើម្បីឲ្យគេដឹងពីភាពអស្ចារ្យនៃប្រដាល់គុនខ្មែររបស់យើងផងដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់