KRE-League៖ បាយ័ន និង Blue Dragon លត់គូប្រកួតចាស់ដៃ ដើម្បីស្គាល់ ៣ពិន្ទុដំបូង

នូ មករា April 3, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់មិនអាជីពបាយ័ន និងក្រុម Blue Dragon បានទទួល ៣ពិន្ទុពេញលើកដំបូងរៀងៗខ្លួន ពីការប្រកួតពានរង្វាន់អាជីពចម្រុះ Khmer Real Estate League 2017 បន្ទាប់ពីយកឈ្នះគូប្រកួតយ៉ាងដៃ ក្នុងការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៣ ដែលទើបបញ្ចប់ការប្រកួតកាលពីម្សិលមិញ នៅលើទីលានដំរីស ។
សម្រាប់ក្រុមបាយ័ន គឺបានបំបាក់ក្រុម Giant FC ដោយលទ្ធផល ៨-២ ខណៈក្រុម Blue Dragon បានលត់ក្រុមកូនខ្មែរ ដោយលទ្ធផល ៨-២ ដូចគ្នា ។ នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមទាំងពីរ ជាមួយលទ្ធផលនៃការប្រកួត ៣លើកឈ្នះ១ ស្មើ១ និងចាញ់១ មាន ៤ពិន្ទុក្នុងដៃស្មើគ្នា ។ ប៉ុន្ដែយ៉ាងណាក៏ដោយ តំណែងកំពូលតារាង នៅតែគ្រប់គ្រងដោយក្រុមនិស្ស័យ និងក្រុម Avatar បន្ទាប់ពីក្រុមទាំងពីរបន្ថែម ៣ពិន្ទុរៀងៗខ្លួន ។ ក្រុមនិស្ស័យបានយកឈ្នះក្រុមខ្លាស ៧-២ រីឯក្រុម Avatar បានយកឈ្នះក្រុម Goodhill ៣-២ ដែលជ័យជម្នះនេះ បានធ្វើឲ្យក្រុមខ្លាំងទាំងពីរទទួលបាន ៩ពិន្ទុពេញស្មើគ្នា ក្រោយឈ្នះយកឈ្នះ ៣ប្រកួតជាប់ៗគ្នាកន្លងទៅ ។
ឈានចូលដល់សប្ដាហ៍ទី៣នេះដែរ ក្រុមម្ចាស់ពាន Khmer United ដែលដឹកនាំដោយលោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត និងជាស្ថាបនិកបង្កើតពាន KRE-League គឺបានរំកិលខ្លួនមកឈរក្នុងប្រអប់កៅអី ៤ក្រុមចុងក្រោយ (Top-4)ហើយ ក្រោយយកឈ្នះក្រុមយុវជនខេត្តកំពង់ចាម ៥-៣ ធ្វើឲ្យក្រុមជើងចាស់មួយនេះទទួលបាន ៧ពិន្ទុជាមួយលទ្ធផលប្រកួត ៣លើកឈ្នះ២ និងស្មើ១ ឈរលេខរៀងទី៣ ៕ អត្ថបទ៖ បុត្រា

មតិយោបល់