ចំណុចដ៏ពិសេសក្នុងកីឡដ្ឋានធំ នៃពហុកីឡដ្ឋានមរតកតេជោ ដែលត្រៀមបុកគ្រឹះសាងសង់ស្អែកនេះ!

នូ មករា April 3, 2017


ភ្នំពេញ៖ ដំណាក់កាលទី១ នៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានសាងសង់រួចជាស្ថាពរហើយ និងគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់នាព្រឹកថ្ងៃទី០៤ ខែមេសាស្អែកនេះ ក្រោមអធីបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយសម្ដេចតេជោ ក៏នឹងផ្ដល់កិត្តិយសបញ្ចុះបឋមសិលា ដើម្បីបុកគ្រឹះសាងសង់កីឡដ្ឋានធំ(កីឡដ្ឋានបាល់ទាត់) នាឱកាសនោះផងដែរ ។

 

ប៉ុន្ដែមុននឹងបុកគ្រឹះសាងសង់កីឡដ្ឋានធំស្ដង់ដារអន្ដរជាតិ លើកដំបូងនៅកម្ពុជានោះ ថ្ងៃនេះគេហទំព័រ CamSport សូមបង្ហាញនូវចំណុចដ៏ពិសេសមួយ ដែលទម្លាយដោយមន្ដ្រីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ កាលពីពេលថ្មីៗកន្លងទៅ ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានឲ្យដឹងថា៖ «កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ គឺអាចផ្ទុកអ្នកទស្សនាបានចំនួន ៥៥,០០០នាក់ និងអ្នកត្រៀមការពារសន្ដិសុខសណ្ដាប់ធ្នាប់ចំនួន ៥,០០០នាក់ផ្សេងទៀត ។ ប៉ុន្ដែចំណុចដ៏ពិសេសរបស់កីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះ គឺនៅពេលមានអាសន្ន យើងប្រើពេលត្រឹមតែ ៧នាទីប៉ុណ្ណោះ នឹងអាចជម្លៀសអ្នកគាំទ្រឲ្យមានសុវត្ថិភាព» ។

គួរបញ្ជាក់ថា កីឡដ្ឋានធំ ឬកីឡដ្ឋានបាល់ទាត់ សម្រាប់ត្រៀមបើកទ្វាទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះ គឺទទួលបានជំនួយសាងសង់ពីរាជរដ្ឋាភិបាលចិន ដែលគ្រោងនឹងសាងសង់រួចជាស្ថាពរ មុនឆ្នាំ២០២០ ឬឆ្នាំ២០២១ ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ថោង ខុន ៕

អត្ថបទ៖ បុត្រា

មតិយោបល់