ភាគីកូរ៉េ ចំណាយ ២០ មុឺនដុល្លាបើកវគ្គបណ្ដុះបណ្ដាលដើម្បីពង្រឹងសមត្ថភាពដល់អត្តពលិកពិការនៅកម្ពុជា

នូ មករា March 29, 2017


ភ្នំពេញ៖ បន្ទាប់ពីបានប្រារព្ធពិធីបើកជាផ្លូវការកាលពីព្រលប់ថ្ងៃទី២៦ ខែមីនានៅសណ្ឋាគាអាំងទែរកុងទីណង់តាល់រួចមក វគ្គបណ្ដុះបណ្ដាលដល់កីឡាជនពិការកម្ពុជាចំនួន ៨ប្រភេទដែលស្ថិតក្រោមការឧបត្ថម្ភដោយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកសាធារណរដ្ឋកូរ៉េបានដំណើរការទៅដោយរលូន និងមានការចូលរួមពីសំណាក់សិក្ខាកាមជាច្រើនទៅតាមប្រភេទកីឡានីមួយៗ ។ លោកយី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឲ្យដឹងថា វគ្គនេះមានអត្តពលិកចូលរួមចំនួន ៧៤រូប មន្ត្រីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាចំនួន ៤៩រូបក្រោមការបង្ហាត់បង្រៀនពីសំណាក់គ្រូឯកទេសមកពីកូរ៉េចំនួន ៨០រូប ។

វគ្គសិក្សាដែលបានចាប់ផ្ដើមពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមីនាខាងមុខមានសិក្សាលើ ៨ប្រភេទកីឡាដោយភាគីកូរ៉េចំណាយថវិកាអស់ចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលកីឡាទាំង ៨ប្រភេទនោះមានដូចជា៖ បាញ់ធ្នូ, បាញ់កាំភ្លើង, ហែលទឹក, អត្តពលកម្ម, Boccia, វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ និង ប៊ូលីង ។ ជាមួយគ្នានេះ ភាគីកូរ៉េក៏បានផ្ដល់ដល់ប៉ារ៉ាឡាំពិកកម្ពុជានូវសម្ភារៈកីឡា ព្រមទាំងសម្ភារៈសម្រាប់ហ្វឹកហាត់មួយចំនួនទៀតផងដែរ ។​

គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៦ កន្លងមកប៉ារ៉ាឡាំពិកកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាដើម្បីផ្ដល់បទពិសោធន៍ដល់គ្នាទៅវិញទៅមកព្រមទាំងសុំឲ្យភាគីកូរ៉េជួយបណ្ដុះបណ្ដាលដល់គ្រូ និងកីឡាជនពិការកម្ពុជាផងដែរ ។​ មិនត្រឹមតែប៉ុណ្ណោះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលកីឡាប៉ារ៉ាឡាំពិកកូរ៉េ-កម្ពុជាកាលពីថ្ងៃទី២៦​ នេះទៀតលោក Jeon Seohju ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកនៃសាធារណរដ្ឋកូរ៉េ និងលោក Osoth Bhavilai ប្រធានសហព័ន្ធប៉ារ៉ាឡាំពិកអាស៊ីអាគ្នេយ៍ក៏បានចុះអនុស្សរណៈយោគយល់គ្នាមួយដើម្បីពង្រឹងកីឡាជនពិការក្នុងតំបន់អាស៊ីអាគ្នេយ៍ និងដើម្បីពង្រឹងសមត្ថភាពកីឡាជនពិការទាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ និងកូរ៉េ ថែមទៀតផង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត