លោកវ៉ាត់ ចំរើន៖ ស្ទឹងត្រែងជាខេត្តមួយទៀតដែលត្រូវបណ្ដុះថ្នាលអត្តពលកម្ម

នូ មករា March 29, 2017


ភ្នំពេញ៖ បន្ទាប់ពីអង្កេតមើលរយៈពេល ៣ថ្ងៃនៅក្នុងការប្រកួតកីឡាអបអរពិធីបុណ្យទន្លេដែលទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗនេះ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បានចាត់ទុកថា ខេត្តស្ទឹងត្រែ ជាខេត្តមួយទៀតនៅក្នុងប្រទេសកម្ពុជា ដែលយើងត្រូវធ្វើការបណ្ដុះថ្នាល និងយុវជន ខាងផ្នែកកីឡាអត្តពលិកម្មបន្ទាប់ពីបាល់ទាត់ និងបាល់ទះ ។

លោកបន្តថា៖ “ខេត្តស្ទឹងត្រែងនេះ យើងអាចវាយតម្លៃថាជាជោគជ័យមួយដ៏ត្រចះត្រចង់ ដែលកម្ពុជាមានខេត្តមួយដែលមានសក្តានុពលខាងផ្នែកកីឡាអត្តពលកម្ម ។ មិនត្រឹមតែប៉ុណ្ណោះ ខេត្តនេះមានក្រុមបាល់ទាត់ និងបាល់ទះជាច្រើន ហើយមានយុវជន និងសិស្សានុសិស្សកុះករដែលមានចំណូលចិត្តលេងកីឡាដែលនាំគ្នាបង្កើតបានជាច្រើនក្រុមណាស់។ រហូតដល់ទៅមានក្រុមនារីៗ បន្ទាប់ពីមានក្រុមបុរស។ »

លោកបន្តថា ប្រជាពលរដ្ឋនៅទីនេះ ចូលចិត្តទស្សនាការប្រកួតកីឡាគ្រប់ប្រភេទទាំងអស់ដែលធ្វើឱ្យមានការផុសផល ក្នុងវិស័យកីឡានៃខេត្តស្ទឹងត្រែងនេះ។ ស្ទឹងត្រែងជាខេត្តមួយដែលមានសក្តានុពលផ្នែកកីឡាអត្តពលកម្មខ្លាំងជាងគេ ព្រោះភាគច្រើនកីឡាករជម្រើសជាតិល្អៗ ចេញពីខេត្តស្ទឹងត្រែងនេះ ខណៈកីឡាបាល់ទាត់ និងបាល់ទះក៏មិនចាញ់គ្នាប៉ុន្មានដែរ។ សូមរំលឹកថា ដើម្បីឆ្ពោះទៅកាន់ SEA GAME 2023 ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះនោះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មការជាតិអូឡាំពិកកកម្ពុជា បានដាក់យុទ្ធសាស្រ្ត និងវិធានការជាច្រើន ដើម្បីពិនិត្យអំពីទេពកោសល្យរបស់កីឡាករ កីឡាការិនី និងភាពផុសផលពីមហាជននៃវិស័យកីឡានៅតាមខេត្តនីមួយៗ ជាពិសេសតំបន់ដែលជាខេត្តមួយលេចធ្លោជាងគេក្នុងសកម្មភាពកីឡា  ហើយសារសំខាន់ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានៅតាមបណ្ដាខេត្តនោះ គឺចង់ឱ្យប្រជាពលរដ្ឋ គាំទ្រ យល់ និង ស្រលាញ់វិស័យកីឡា ដើម្បីចូលរួមទាំងអស់គ្នាត្រៀមធ្វើជាម្ចាស់ផ្ទះ SEA GAME 2023៕

អត្ថបទ៖ រត្ន័

មតិយោបល់