មិត្តភាព៖ ក្រុមលំដាប់កំពូលតារាងលីគកំពូលកម្ពុជា ប៉ះគ្នាល្ងាចនេះ

នូ មករា March 28, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលកំពុងឈរកំពូលតារាងលីគកំពូលកម្ពុជា ឆ្នាំ២០១៧ នឹងធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្រុមឈរលេខរៀងទី២ ក្រសួងការពារជាតិ នាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ នៅកីឡដ្ឋានស្ដាតចាស់ ខណៈអ្នកអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី គ្មានការលក់សំបុត្រឡើយ ។ ការប្រកួតនេះ ធ្វើឡើងស្របពេលលីគផ្អាកមួយរយៈ ដោយសារក្រុមជម្រើសជាតិកម្ពុជា ជាប់បេសកកម្មចូលរួមប្រកួតជម្រុះពានរង្វាន់ Asian Cup 2019 ជាមួយក្រុមម្ចាស់ផ្ទះហ្ស៊កដានី នាវេលាម៉ោង ១១យប់នេះ(ម៉ោងនៅកម្ពុជា) ដូច្នេះជំនួបមិត្តភាពនេះដែរ នឹងអវត្តមានកីឡាករសំខាន់ៗមួយចំនួន ព្រោះពួកគេជាប់ជួយក្រុមជម្រើសជាតិកម្ពុជា ។

សម្រាប់កីឡាករស្នូល ដែលនឹងអវត្តមានពីការប្រកួតមិត្តភាពល្ងាចនេះ រួមមានក្រុមព្រះខ័នរាជស្វាយរៀង គឺមានកីឡាករជាប់ជម្រើសជាតិច្រើនជាងគេ ដូចជាកីឡាករ ប្រាក់ មុន្នីឧត្តម, សំអឿន ពិដោរ, ហួយ ផល្លីន, សឿយ វិសាល, ណុប តុលា និងអ្នកចាំទី អោម ឧត្តម ។ រីឯកីឡាករក្រសួងការពារជាតិវិញ រួមមានកីឡាករ ស ពិសិដ្ឋ, ពុំ តុលា និងអ្នកចាំទី អ៊ុំ សេរីរ័ត្ន ។ គួរបញ្ជាក់ថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង និងមាន ១៤ពិន្ទុក្នុងដៃជាមួយលទ្ធផលប្រកួត ៥លើកឈ្នះ៤ និងស្មើ១ ខណៈក្រុមក្រសួងការពារជាតិឈរលេខរៀងទី២ និងមាន ១១ពិន្ទុ បន្ទាប់ពីបញ្ចប់ការប្រកួត ៥លើកដូចគ្នា ឈ្នះ៣ និងស្មើ២ ហើយក្រុមទាំងពីរ នឹងជួបគ្នាផ្លូវការ ក្នុងជំនួបជើងទី១ នៃលីគកំពូលកម្ពុជា នាថ្ងៃទី២៣ ខែមេសាខាងមុខ បន្ទាប់ពីឈប់សម្រាកអបអរបុណ្យចូលឆ្នាំថ្មីរួច ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត