បុណ្យទន្លេបញ្ចប់ជាស្ថាពរ ខណៈកីឡា ៩ប្រភេទទទួលបានការគាំទ្រច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ

នូ មករា March 27, 2017


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាអបអរពិធីបុណ្យទន្លេលើកទី៣ បានបញ្ចប់ដោយជោគជ័យហើយបន្ទាប់ពីបានដំណើរការអស់រយៈពេល​ ៣ថ្ងៃរួចមកនៅខេត្តស្ទឹងត្រែង ដោយក្នុងចំណោមនោះមានកីឡា ៩ប្រភេទដែលទទួលបានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋនៅទីនោះរួមទាំងភ្ញៀវទេសចរណ៍ផងដែរ។

នាឆ្នាំនេះគណៈកម្មការរៀបចំបានសម្រេចដាក់កីឡាចំនួន ១១ប្រភេទដើម្បឲ្យប្រកួត និងសម្ដែងរួមមាន ចំបាប់, ល្បុក្តតោ, ប្រដាល់គុនខ្មែរ, ទាញព្រ័ត្រ, បាល់ទាត់, បាល់ទះ, រត់ប្រណាំង, ប្រណាំងកង់, វាយសី,។

ជាមួយគ្នានេះ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានវាយតម្លៃថា អ្នកចូលរួមទស្សនា និងគាំទ្រការប្រកួត និងសម្ដែងកីឡានៅខេត្តស្ទឹងត្រែង មានចំនួនប្រហាក់ប្រហែលនឹងបុណ្យទន្លេនៅខេត្តក្រចេះ និងខេត្តកំពង់ចាម ហើយតាមរយៈការគាំទ្រ និងការចូលរួមរបស់ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង បានធ្វើឲ្យការប្រកួត និងសម្តែងកីឡា ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តស្ទឹងត្រែង ដំណើរការយ៉ាងរលូន និងកាន់តែអធិកអធម។

ក្នុងចំណោមកីឡាទាំងនេះ កីឡាបាល់ទាត់ និងបាល់ទះដែលមានការចូលរួមពីក្រុមបាល់ទាត់ និងបាល់ទះរបស់ប្រទេសឡាវទើបតែបញ្ចប់កាលពីថ្ងៃទី២៦ ខែមីនាម្សិលមិញដោយបានឆ្លងកាត់ការប្រកួតអស់រយៈពេលពីរថ្ងៃកន្លះរួចមក ក្នុងនោះជើងឯកផ្នៃកបុរសបានទៅក្រុម Sand Stone FC, លេខ២ ក្រុមវិទ្យាល័យព្រះរាជបូជនីយកិច្ច និងលេខ៣ ក្រុមវីរៈ ៧០១។ ចំណែកផ្នែកនារី ជើងឯកបានទៅក្រុមបាល់ទាត់ក្រុងស្ទឹងត្រែង លេខ២ ក្រុមស្រុកសាមឃួយរបស់ឡាវ និងលេខ៣ ក្រុមស្រុកសេសាន្ត។

ដោយឡែក ការប្រកួតបាល់ទះជើងឯកផ្នែកបុរសបានទៅក្រុមមន្ទីរអប់រំខេត្តស្ទឹងត្រែង, លេខ២ ក្រុមកីឡាស្ទឹងត្រែង និងលេខ៣ ក្រុមវិទ្យាល័យព្រះរាជបូជនីយកិច្ច។ ចំណែកផ្នែកនារីជើងឯកបានទៅក្រុមស្រុកស្រែក្រសាំង លេខ២ ក្រុមស្រុកសេសាន និងលេខ៣ ក្រុមស្រុកថាឡាបូរីវ៉ាត់៕

 

អទ្ថបទ៖ រត្ន័

មតិយោបល់