ក្មេងៗជាង១០០០នាក់របស់ខេត្តស្ទឹងត្រែងចូលរួមរត់ប្រណាំងបែបកម្សាន្តក្នុងពិធីបុណ្យទន្លេព្រឹកមិញ

នូ មករា March 24, 2017


ស្ទឹងត្រែង៖ លោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ក្រុមយុវជនជាច្រើនមកពីបណ្តាខេត្ត និងរាជធានីភ្នំពេញ ប្រមាណ ១២០០នាក់បានចូលរួមរត់ប្រណាំងនៅតំបន់មាត់ទន្លេមេគង្គដើម្បីអបអរពិធីបុណ្យទន្លេដែលបានប្រារព្ធធ្វើជាលើកទី៣ ក្នុងខេត្តស្ទឹងត្រែង។
 
ព្រឹត្តិការណ៍នេះត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយនឹងក្រសួងទេសចរណ៍រៀបចំឡើងដោយមានរយៈពេល ៣ចាប់ផ្ដើមនាថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ នៅលើទឹកដីខេត្តស្ទឹងត្រែង ដែលមាន ១១ប្រភេទកីឡាចូលរួម ដើម្បីផ្សព្វផ្សាយពីទេសចរណ៍សហគមន៍តាមតំបន់ទន្លេមេគង្គដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ។ លោកបានបន្តថា ក្នុងចំណោមប្រភេទកីឡាខាងលើគឺមានកីឡាមួយចំនួននឹងបើកឲ្យមហាជនចូលរួមដោយសេរីហើយក៏ជាឱកាសស្វែងរកថ្នាលកីឡាឆ្នើមដើម្បីជ្រើសរើសមកបណ្ដុះបណ្ដាលឲ្យក្លាយជាកីឡាអាជីពផងដែរ។
 
 តាមគម្រោងកីឡាទាំងអស់ត្រូវបង្ហាញខ្លួនក្នុងពិធីបុណ្យទន្លេនៅខេត្តស្ទឹងត្រែងដោយមិនខុសពីបុណ្យទន្លេលើកមុនដែរគឺដោយបូករួមទាំងកីឡាប្រជាប្រិយ និងកីឡាប្លែកៗមួយចំនួនទៀតដែលកំពុងរៀបចំ ។ ចំពោះប្រភេទកីឡាត្រូវបានកំណត់រួចរាល់នោះ រួមមានកីឡារត់ប្រណាំងលក្ខណៈកម្សាន្ដ, ប្រដាល់ក្បាច់គុនបុរាណខ្មែរ, ចំបាប់បុរាណ, ប្រណាំងទូក, អុកចត្រង្គ, ហែលទឹក, បាល់ទះ, ទូកក្ដោង, វាយសី និងកីឡាហោះហើរជាដើម ៕
អត្ថបទ៖ រត្ន័

មតិយោបល់