លោក ប្រាក់ សុវណ្ណារ៉ា និងក្រុម Cam-All Stars ឈ្នះពានរង្វាន់កីឡាកម្ពុជាលើកទី២ ដោយសារ…!

នូ មករា March 22, 2017


ភ្នំពេញ៖ ស្របពេលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាសលទ្ធផលពានរង្វាន់កីឡាកម្ពុជា Cambodia Sport Award លើកទី២ ឆ្នាំ២០១៦ កាលពីយប់មិញ មានថ្នាក់ដឹកនាំកីឡាមួយចំនួនបានកើតការភ្ញាក់ផ្អើលជាខ្លាំងចំពោះការទទួលបានពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំទៅលោក ប្រាក់ សុវណ្ណា ខណៈក្រុម Cambodian All Stars ក៏ទទួលបានពានរង្វាន់ក្រុមកីឡាឆ្នើមប្រចាំឆ្នាំផងដែរ ។

តើកត្ដាអ្វីជំរុញឲ្យលោក ប្រាក់ សុណ្ណារ៉ា ទទួលបានពានរង្វាន់ខាងលើ ខណៈបច្ចុប្បន្នលោកមិនទាន់មានឈ្មោះដឹកនាំក្លឹបណាមួយនៅឡើយនោះ? ជុំវិញចម្ងល់ទាំងនេះ ត្រូវបានមន្ដ្រីជាន់ខ្ពស់របស់ NOCC បកស្រាយយ៉ាងដូច្នេះថា៖ «ការជ្រើសរើសនេះធ្វើឡើងដោយតម្លាភាព ដោយផ្នែកលើស្នាដៃនានាកាលពីឆ្នាំ២០១៦ ។ ដូចគ្នានេះដែរ លោក ប្រាក់ សុវណ្ណារ៉ា កាលពីឆ្នាំ២០១៦ ក៏មិនទាន់លាឈប់ពីក្លឹបបាល់ទាត់អាជីពដែរ» ។ មន្ដ្រីជាន់ខ្ពស់ខាងលើបន្ដថា៖ «កាលពីឆ្នាំ២០១៦ លោក ប្រាក់ សុវណ្ណា បានដឹកនាំក្រុម Cambodian All Stars យកឈ្នះក្រុមខ្លាំងៗថៃ(Buriram និងក្រុម Muang Thong) និងក្រុម Lao All Stars ដែលធ្វើឲ្យមានការគាំទ្រយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ ។ ដោយហេតុនេះហើយ ទើបគណៈកម្មការសម្រេចផ្ដល់ពាននេះជូនរូបលោក ។ ដូចគ្នាដែរ គឺក្រុម Cambodian All Stars ដែលធ្វើឲ្យមានចលករគាំទ្របាល់ទាត់កាន់តែច្រើន ដូច្នេះក្រុមនេះ ក៏សមហេតុផលនឹងទទួលបានពានរង្វាន់ក្រុមកីឡាឆ្នើមប្រចាំឆ្នាំផងដែរ» ។

  តាមរយៈការទទួលបានពានរង្វាន់ខាងលើ លោក ប្រាក់សុវណ្ណារ៉ា ទទួលបានប្រាក់រង្វាន់ ២ពាន់ដុល្លារ ខណៈក្រុម Cambodian All Stars តំណាងដោយកីឡាករ ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម ទទួលបាន ២,៥០០ដុល្លារ ។ ក្រៅពីនេះ នៅមានពាន ៧ផ្សេងទៀត ដូចជាពានកីឡាករឆ្នើមបានទៅកីឡាករ សុខ ចាន់មាន ម្ចាស់មេដាយមាសកីឡាប៉េតង់ពិភពលោក, ពានកីឡាការិនីឆ្នើមបានទៅកីឡាការិនី ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡាអាស៊ី គឺទទួលបានប្រាក់រង្វាន់ ២,៥០០ដុល្លារស្មើគ្នា ។ ចំណែកពានរង្វាន់កីឡាករពិការឆ្នើមបានទៅកីឡាករ ជឹម ផាន់ និងពានកីឡាការិនីពិការឆ្នើមបានទៅកញ្ញា សៅ ធីតា ដែលទទួលបានប្រាក់រង្វាន់ ១៥០០ដុល្លារស្មើគ្នា ។ ពានព្រឹទ្ធាចារ្យឆ្នើមបានទៅលោក ហុក ឈាងគីម ទទួលបានប្រាក់រង្វាន់ ២០០០ដុល្លារ, ពានកីឡាប្រពៃណីបានទៅកីឡាការិនីល្បុក្កតោ ទ្រី សុថាវី ទទួលបានប្រាក់រង្វាន់ ១៥០០ដុល្លារ និងពានរូបថតកីឡាល្អបានទៅលោក គង ហន អ្នកសារព័ត៌មានទូរទស្សន៍បាយ័នព័ត៌មាន BTV-News ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត