ប្រកួតជម្រុះអុកចត្រង្គអង្គរសង្រ្កាន្ដឆ្នាំ២០១៧ នឹងចាប់ផ្តើមនៅចុងខែនេះ

នូ មករា March 21, 2017


ភ្នំពេញ៖​ បន្ទាប់ពីទទួលបានការចុះឈ្មោះចូលរួមពីកីឡាករវ័យចាស់ និងវ័យក្មេងចំនួន១៥៣នាក់រួចមក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបើកសន្និសីទការសែតជាផ្លូវការមួយកាលពីព្រឹកមិញនេះ ដើម្បីប្រកាសបរិច្ឆេទនៃការប្រកួតជម្រុះដំណាក់កាលទី១ ជាផ្លូវការ ខណៈដែលការទទួលពាក្យត្រូវបានបញ្ចប់ត្រឹមចំនួននេះ។ លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិកម្ពុជាបានទាមទារឲ្យអ្នកចូលរួមប្រកួតទាំងអស់ត្រូវលេងដោយភាពយុត្តិធម៌តាមគោលការណ៍ Fair-Play ស្របតាមក្បួនច្បាប់ នៃកីឡាអុកចត្រង្គខ្មែរ និងស្របតាមលក្ខណៈបច្ចេកទេស ។

នេះគឺជាឆ្នាំទី៥ហើយដែល NOCC សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីអបអរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ការប្រកួតកីឡាអុកចត្រង្គ ឆ្ពោះទៅដណ្ដើមងារស្ដេចអុកប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០១៧ នឹងបើកការប្រកួតជាផ្លូវការពី ថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមីនាចុងសប្ដាហ៍នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផ្ទាល់តែម្ដង ។ លោកបន្តថា ដំណាក់កាលទី១ នឹងជម្រុះទុកត្រឹម ៨នាក់ប៉ុណ្ណោះ សម្រាប់ឆ្ពោះទៅប្រកួតដំណាក់ទី២ ឬជុំផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនៅតំបន់អង្គរ ខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ។ ចំពោះប្រាក់រង្វាន់វិញ គឺរក្សានៅដដែល ពោលគឺលេខ១ ទទួលបានប្រាក់រង្វាន់ ១២លានរៀល, លេខ២ ទទួលបាន ៨លានរៀល និងលេខ៣ ទទួលបាន ៤លានរៀល ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

គួបញ្ជាក់ផងដែរថា វគ្គជម្រុះឆ្នាំនេះគឺទទួលបានអ្នកចុះឈ្មោះសរុប ១៥៣នាក់ ហើយគេឃើញមានវត្តមានកីឡាករសំខាន់ៗ ៣រូប ដែលសុទ្ធតែជាមន្ដ្រីសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាចូលរួមដែរ រួមមានលោក ឆយ វីរ៉ា ស្តេចអុកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០១០, លោក ឈាវ បូរ៉ា ស្ដេចអុកប្រចាំព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ២ជំនាន់កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥, លោក ហូយ សុខណា ស្ដេចអុកអង្គរសង្ក្រាន្ដ ឆ្នាំ២០១៦ រួមទាំងកីឡាករជើងខ្លាំងចាស់-ក្មេងផ្សេងទៀត ៕

អត្ថបទ៖ រត្ន័

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត