ប៉េតង់បើកវគ្គអាជ្ញាកណ្ដាលអន្តរជាតិនៅស្រុកខ្មែរ

នូ មករា March 21, 2017


ភ្នំពេញ៖​​ វគ្គអាជ្ញាកណ្ដាលប៉េតង់អន្តរជាតិបានធ្វើឡើងនៅស្រុកខ្មែរដែលមានប្រទេសចំនួន៦ក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួម ។​ សិក្ខាសាលានេះមានការចូលរួមពីសិក្ខាកាមចំនួន ២៧នាក់ដែលក្នុងនោះមកពីមីយ៉ាន់ម៉ា ២រូប ឥណ្ឌូនេស៊ី ២រូប  វៀតណាម ២ រូបប្រ៊ុយណេ ៤ រូបម៉ាឡេស៊ី ៦រូប និង កម្ពុជា១១រូបដោយវគ្គនេះចាប់ផ្ដើមពីថ្ងៃទី២១​ ដល់ទី ២៥​ ខែមីនា ហើយគ្រូឧទ្ទេសនាមសម្រាប់វគ្គនេះមានលោកមាស សារិន ដែលជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងគ្រូមួយរូបទៀតជាគ្រូអាជ្ញាកណ្ដាលអន្តរជាតិមកពីប្រទេសម៉ាឡេស៊ីគឺលោក Sheikh Ismail Silan  ។

លោកអ៊ិន គឹម ស្រ៊ុនដែលជាអគ្គលេខាធិកាេសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានឲ្យដឹងថា វគ្គនេះបើកឡើងគឺត្រៀមសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង សម្រាប់ការចេញទៅប្រកួតនៅក្រៅប្រទេស ។ លោកបន្តថាការចេញទៅប្រកួតនៅក្រៅប្រទេសគឺក្រៅពីមានកីឡាករ-កីឡាការិនីនោះគឺត្រូវមានគ្រូបង្វឹកនិងអាជ្ញាកណ្ដាលបន្ថែមទៀតបើគ្មានអាជ្ញាកណ្ដាលនឹងត្រូវគេពិន័យហើយ ។ លោកទទួលស្គាល់ថាវគ្គអាជ្ញាកណ្ដាលអន្តរជាតិបែបនេះក្នុងចំណោមសិក្ខាកាមចំនួន២៧រូបទំនងជាជាប់បានត្រឹមតែ១០ ឬ ២០ភាគរយប៉ុណ្ណោះ តែបើពួកគេមិនបានជាប់ជាអាជ្ញាកណ្ដាលអន្តរជាតិក៏គេបានជាប់ជាអាជ្ញាកណ្ដាលថ្នាក់ជាតិ បើថ្នាក់ជាតិមិនជាប់ទៀតនោះគឺជាប់ជាអាជ្ញាកណ្ដាលថ្នាក់មូលដ្ឋានដែលមានកម្រិតទាបជាងគេ ។ សម្រាប់វគ្គនេះគឺសិក្សាទាំងទ្រឹស្ដី និងការអនុវត្តន៍ ដោយសិក្ខាកាមទាំងអស់ត្រូវអនុវត្តការវាស់ប៊ូលលើទីលានប្រកួតឲ្យបានសុក្រឹតហើយបើវាស់មិនត្រឹមត្រូវទេនោះគឺប្រាកដជាធ្លាក់តែម្ដង ៕

អត្ថបទ៖​​ វ៉ាន្នី

មតិយោបល់