NOCC ដាក់ផែនការ ២ចំណុចធំៗ ដើម្បីដណ្តើមមេដាយនៅឆ្នាំនេះ និងនៅកីឡាអូឡាំពិកឆ្នាំ២០២០

នូ មករា March 20, 2017


ភ្នំពេញ៖​ នៅក្នុងពិធីមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ របស់ NOCC នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧​ ដែលបានប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃនេះ ត្រូវបានលោកវ៉ាត់ ចំរើន អគ្គលេខាធិការ NOCC លើកបង្ហាញផែនការយុទ្ធសាស្ដ្រ ៤ឆ្នាំរំកិល ឆ្នាំ២០១៧-២០២០ ចំនួន ១១ចំណុច ដើម្បីអនុវត្តឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ។
 
ជាមួយគ្នានេះ ថ្នាក់ដឹកនាំគ្រប់បណ្ដាសហព័ន្ធកីឡាជាតិទាំងអស់បានសង្កេតឃើញថា ក្នុងចំណោមផែនការទាំង១១ចំណុច  មាន២ចំណុចដែលតម្រូវឲ្យគ្រប់សហព័ន្ធត្រូវខិតខំប្រឹងប្រែងដណ្ដើមយកមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាឆ្នាំ២០១៧នេះ នៅប្រទេសម៉ាឡេស៊ី នាខែសីហាខាងមុខឲ្យបាន ២ខ្ទង់ (ចាប់ពី ១០មេដាយមាស) និងមួយទៀតគឺការស្វែងរកមេដាយឲ្យបាន ១គ្រឿងក្នុងការប្រកួតកីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
ចំណែកឯផែនការទាំង៩ចំណុចទៀតគឺសម្រាប់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធធ្វើម្ចាស់ផ្ទះក្នុងនោះមាន ទី១៖ បង្កើន និងពង្រឹងការហ្វឹកហាត់កីឡាជំនាញ និងកម្រិតខ្ពស់, ទី២៖ ស្វែងរកជំនួយបច្ចេកទេសពីគ្រប់មជ្ឈដ្ឋានលើបញ្ហាស្នើសុំគ្រូបង្វឹកបរទេស និងបញ្ជូនអត្តពលិក និងគ្រូបង្វឹកទៅហាត់នៅក្រៅប្រទេស, ទី៣៖ ផ្សព្វផ្សាយពីយុទ្ធនាការ “ពលរដ្ឋម្នាក់លេងកីឡាមួយមុខ” និងក្រុមហ៊ុន ឬឧកញ៉ាមួយរូបទ្រទ្រង់កីឡាមួយមុខ និងទី៤៖ បង្កើនសកម្មភាពកីឡាសម្រាប់កុមារ និងយុវវ័យ តាមរយៈសហព័ន្ធកីឡាជាតិ ។ ចំណែកទី៥៖ បន្ដធ្វើកំណែទម្រង់ស៊ីជម្រៅសហព័ន្ធកីឡាជាតិលើការងារគ្រប់គ្រង ដឹកនាំ និងបច្ចេកទេស, ទី៦៖ បន្ដសហការរៀបចំការប្រកួតកីឡាជាតិ, ទី៧ ជំរុញឲ្យមានកីឡាករ-កីឡាការិនីពី ៣នាក់ ទៅ ៥នាក់ជាអត្ដពលិកពេញសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ នៅជប៉ុន, ទី៨៖ រក្សាចំនួនមេដាយមួយយ៉ាងតិចក្នុងការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ និងទី៩ គឺជំរុញបន្ថែមឲ្យកីឡាមិនអូឡាំពិកស្វែងរកមេដាយក្នុងការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោកជាដើម ៕
អត្ថបទ៖​ រត្ន័

មតិយោបល់