ឆៃ សារ៉ា និង សេក គឹមរូន ឡើងបើកឆាកខ្សែក្រវាត់គោជល់រជ្ជកាលទី៧មុនគេជាមួយថៃមកពីខេត្តអ៊ូប៊ុន

នូ មករា March 16, 2017


ភ្នំពេញ៖ នាថ្ងៃទី១៨ ខែមីនាខាងមុខនេះព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់រជ្ជកាលទី៧ លើសង្វៀន CNC នឹងចាប់ផ្ដើមហើយដោយមានអ្នកប្រដាល់កម្ពុជា ២រូបត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃ។

ពោលគឺកីឡាករ សេក គឹមរូន មកពីក្លិបអង្គរមានជ័យខេត្តសៀមរាបត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Phikun Ngeurn Phanisa Mouythai ដែលមកពីខេត្តអ៊ូប៊ុនរ៉ាតថានី ។ អ្នកប្រដាល់ថៃរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរនោះទេដូច្នេះគេមិនបានដឹងថារបៀបវ៉ៃរបស់គេយ៉ាងណាៗដែរ ។ គ្រាន់តែដឹងថា Phikun Ngeurn Phanisa Mouythai គេមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦០ដង ចាញ់១៣ដងស្មើពិន្ទុ២ ដង និង វាយគូប្រកួតឲ្យសន្លប់បាន៥ដង ដូច្នេះកំណត់ត្រាប្រកួតរបស់អ្នកប្រដាល់រូបនេះពិតជាមិនអន់ទេ ។ ចំពោះអ្នកប្រដាល់កម្ពុជាសេក គឹមរូនវិញគេអាចនិយាយបានថាក៏មិនខ្សោយដែរតែអ្នកប្រដាល់រូបនេះហាក់ដូចជាវ៉ៃប្រើកម្លាំងច្រើនជាងបច្ចេកទេសហើយចិត្តរបស់គេឆេវឆាវទៀតផង ។ ពេលខ្លះដោយសារកំហឹងគឹមរូនចូលវ៉ៃគូប្រកួតទាំងទទឹងទឹសក៏មានដែរ ។ សេក គឹមរូនមានប្រវត្តិប្រកួតចំនួន៤១ដង ឈ្នះ៣២ដង ចាញ់៩ដង និង វាយគូប្រកួតឲ្យសន្លប់បាន១០ដងការប្រកួតចុងក្រោយរបស់គេគឺចាញ់អ្នកប្រដាល់ថៃសាង យុទ្ធនៅទឹកទី ៣ ។ ជាការកត់សម្គាល់គឹមរូនតែងតែបរាជ័យក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ ហេតុនេះតើគេអាចស្វែងរកជ័យជម្នះលើកនេះបានទេ ?

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឆៃ សារ៉ា មកពីសមាគមប្រដាល់ក្រសួងការពារជាតិនឹងជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ Phayak Ubun Tydet Lo-Ngin ដែលមកពីខេត្តអ៊ូប៊ុនរ៉ាតថានីដែរ ។ សារ៉ាជាអ្នកប្រដាល់ចូលចិត្តលេងកែង និង ជង្គង់ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៣៨ដងឈ្នះ៣១ដង ចាញ់៥ដងស្មើពិន្ទុ២ដងនិង វាយគូប្រកួតឲ្យសន្លប់បាន១៩ដង ។ ចំពោះអ្នកប្រដាល់ថៃ Phayak Ubun Tydet Lo-Ngin វិញគេពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេតែគេមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៧០ដង ចាញ់១៣ដងស្មើពិន្ទុ២ដង និងវាយគូប្រកួតយឲ្យសន្លប់បាន១០ ។ នេះក៏ជាកំណត់ត្រាប្រកួតមួយដែលមិនអន់ដែរ ។ ចាំមើលតើ នរណាដែលនឹងបានទទួលជ័យជម្នះនៅថ្ងៃបើករជ្ជកាលទី៧នេះ ?

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត