តើប្រភេទកីឡាអ្វីខ្លះដែលនឹងប្រកួតអបអរព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០១៧នេះ?

នូ មករា March 16, 2017


ភ្នំពេញ៖ ខណៈដែលពិធីបុណ្យចូលចិត្តខ្មែរកំពុងខិតចូលមកដល់នាខែក្រោយឆាប់ៗ ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជាបានធ្វើការសហការជាមួយនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយបានដាក់ចេញនូវកីឡា ៤ប្រភេទសម្រាប់ប្រកួតប្រជែង និងសម្ដែងជូនប្រជាពលរដ្ឋទស្សនាក្នុងព្រឹត្តិការណ៍ដ៏ធំដែលត្រូវបានគេដាក់នាមថា អង្គរសង្ក្រាន្ត២០១៧។

លោក សំហេង បុរស អនុប្រធានក្រុមប្រឹក្សាភិបាលនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ បានរៀបចំបែងចែកកម្មវិធីជា២ គឺកម្មវិធីសម្រាប់ពេលថ្ងៃ និងកម្មវិធីសម្រាប់ពេលយប់ ដោយចាប់ផ្តើមដំណើរការពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅឧទ្យានជាតិអង្គរវត្ត ។ កីឡាប្រពៃណីខ្មែរទាំង៤ខាងលើនោះ មានដូចជា៖ កីឡាល្បុក្កតោ កីឡាអុកចត្រង្គ កីឡាទាញព្រ័ត្រ និងកីឡាប្រណាំង រទេះគោ រទេះក្របី ។ វត្តមានរបស់កីឡាទាំង៤ខាងលើនេះ ពិតជាទទួលបានប្រជាប្រិយភាពខ្លាំងអស់រយៈពេល៤ឆ្នាំកន្លងទៅ នៅលើទឹកដីសុវណ្ណភូមិដ៏ពិសិទ្ធនៃព្រះរាជាណាចក្រកម្ពុជា ។ ម្យ៉ាងទៀត កីឡាទាំង៤ប្រភេទនេះ មានប្រជាពលរដ្ឋចូលរួមទស្សនា រាប់ម៉ឺននាក់ក្នុង១ថ្ងៃៗ ហើយមានផ្តល់ឱកាសឲ្យភ្ញៀវទេសចរណ៍បរទេសចូលរួមលេងកម្សាន្ត ក៏ដូចជាហ្វឹកហាត់ផងដែរ។

គួររំលឹកថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦កន្លងទៅ កម្ពុជាទទួលបានអ្នកចូលរួមប្រមាណ១លាន៣សែននាក់ ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈឆ្នាំនេះលោករំពឹងថានឹងអាចកើនដល់១លាន៥សែននាក់ ។ អ្វីដែលក្រុមការងារព្រឹត្តិការណ៍អង្គសង្ក្រាន្តបានកំពុងធ្វើនាពេលនេះ សំដៅទាក់ទាញទេសចរបរទេសឲ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕

អត្ថបទ៖ រត្ន័

មតិយោបល់