ព្រឹត្តិការណ៍ប្រកួតកីឡាអបអរពិធីបុណ្យទន្លេនឹងចាប់ផ្ដើមម្ដងទៀតនាចុងខែនេះ

នូ មករា March 14, 2017


ភ្នំពេញ៖ នេះជាឆ្នាំទី៣ហើយដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយនឹងក្រសួងទេសចរណ៍រៀបចំការប្រកួតកីឡាសម្រាប់ធ្វើការអបអរពិធីបុណ្យទន្លេ ខណៈដែលលើកទី៣នេះគ្រោងនឹងចាប់ផ្ដើមនាថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ខាងមុខនៅលើទឹកដីខេត្តស្ទឹងត្រែង។ តាមគម្រោងកីឡាដែលនឹងត្រូវបង្ហាញវត្តមានក្នុងពិធីបុណ្យទន្លេលើកនេះក៏មិនខុសពីបុណ្យទន្លេលើកមុនដែរ គឺប្រហែល ១០ប្រភេទកីឡា បូករួមទាំងកីឡាប្រជាប្រិយ និងកីឡាប្លែកៗមួយចំនួនទៀតដែលកំពុងរៀបចំ ។

ចំពោះប្រភេទកីឡាត្រូវបានកំណត់រួចរាល់នោះ រួមមានកីឡារត់ប្រណាំងលក្ខណៈកម្សាន្ដ, ប្រដាល់ក្បាច់គុនបុរាណខ្មែរ, ចំបាប់បុរាណ, ប្រណាំងទូក, អុកចត្រង្គ, ហែលទឹក, បាល់ទះ, ទូកក្ដោង និងកីឡាហោះហើរជាដើម ។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា ការរៀបចំពិធីបុណ្យទន្លេនេះ គឺដើម្បីផ្សព្វផ្សាយពីទេសចរណ៍សហគមន៍តាមតំបន់ទន្លេមេគង្គ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ហើយបុណ្យទន្លេត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ ក្រោយទទួលបានអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីរៀបចំព្រឹត្តិការណ៍នេះឲ្យក្លាយជាបុណ្យប្រចាំឆ្នាំមួយក្នុងប្រទេសកម្ពុជាដោយកំណត់យកខែមីនាដើម្បីរៀបចំជារៀងរាល់ឆ្នាំ ។

ឯកឧត្តមបានបញ្ជាក់ទៀតថា៖ ក្នុងចំណោមប្រភេទកីឡាខាងលើ គឺមានកីឡាមួយចំនួន នឹងបើកឲ្យមហាជនចូលរួមដោយសេរី ហើយក៏ជាឱកាសស្វែងរកថ្នាលកីឡាឆ្នើម ដើម្បីជ្រើសរើសមកបណ្ដុះបណ្ដាលឲ្យក្លាយជាកីឡាអាជីពផងដែរ ៕

អត្ថបទ៖ រត្ន័

មតិយោបល់