ក្រសួងអប់រំយុវជន និងកីឡា ប្រកាសយុទ្ធនាការប្រមូលផ្ដុំជម្រើសជាតិ

នូ មករា March 8, 2017


ភ្នំពេញ៖ កីឡាករ-កីឡាការិនីជម្រើសជាតិ និងកីឡាកម្រិតថ្នាល គ្រូបង្វឹក គ្រូជំនួយត្រូវបានប្រកាសបើកយុទ្ធនាការប្រមូលផ្ដុំដើម្បីហ្វឹកហាត់ឲ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសហើយនៅព្រឹកថ្ងៃទី៧ ខែមីនាម្សិលមិញនេះ ។ លោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់ថាសម្រាប់កីឡាជម្រើសជាតិឈុតធំដែលប្រមូលផ្ដុំនោះមាន២៧ប្រភេទកីឡាដែលទាំងគ្រូទាំងសិស្ស ទាំងកីឡាករ កីឡាការិនីមានចំនួន៣០២នាក់ ចំពោះកីឡាថ្នាលទាំងគ្រូ ទាំងអត្តពលិកមានចំនួន២៥៧នាក់ ។

លោកស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការប្រមូលផ្ដុំនេះ ។លោកបានសំណូមពរដល់គ្រូបង្វឹក និង អត្តពលិកត្រូវខិតខំហ្វឹកហាត់ឲ្យបានត្រឹមត្រូវតាមស្ដង់ដារហើយឆ្នាំនេះជាឆ្នាំស៊ីហ្គេមនោះត្រូវតែហាត់ដើម្បីប្រជែងយកមេដាយព្រោះបើបានមេដាយគឺបានទទួលរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ។ នេះជាឆ្នាំដំបូងហើយដែលការប្រមូលផ្ដុំក្រសួងអប់រំយុវជន និង កីឡាសម្រេចឲ្យមានកីឡាថ្នាលដែលជាវ័យសំខាន់សម្រាប់ត្រៀមឆ្នាំ២០២៣ដែលជាឆ្នាំកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ។សព្វថ្ងៃនេះប្រាក់បំប៉នក៏ខ្ពស់ប្រាក់ឧបត្ថម្ភក៏បានបង្កើនដូចនេះរដ្ឋទុនវិនិយោគច្រើនណាស់ក្នុងវិស័យកីឡាហេតុនេះអត្តពលិកត្រូវតែប្រឹងប្រែងហ្វឹកហាត់ដើម្បីបង្កើនគុនផលនៅពេលប្រកួត ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់