សហព័ន្ធបាល់ទះបង្ហាញទិសដៅ ១១ចំណុចក្នុងរយៈពេល៤ឆ្នាំមុនកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម

នូ មករា March 7, 2017


ភ្នំពេញ៖ នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៤ បន្តអាណត្តិទី៥ ឆ្នាំ២០១៧-២០២១ នោះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចដាក់ទិសដៅ សំខាន់ៗចំនួន១១ចំណុចធំ ក្នុងរយៈពេល៥ឆ្នាំ នាអាណត្តិថ្មីនេះ ដើម្បីត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ ក្នុងការប្រជែងយកមេដាយក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

យោងតាមរបាយការណ៍របស់សហព័ន្ធកីឡាបាល់ទះកម្ពុជាបានឱ្យដឹងថា ចំណុចពិសេសទី១ក្នុងរយៈពេល៥ឆ្នាំខាងមុខនោះ គឺមានទី១ បំផុសចលនាកីឡាបាល់ទះឱ្យមានសកម្មភាពសស្រាក់សស្រាំទូទាំងប្រទេសដោយយកចិត្តទុកដាក់បង្កើតឱ្យមានភាពទាក់ទាញតាមទស្សនៈវិស័យ ចូលចិត្តលេង ចូលចិត្តមើល ចូលរួមគាំទ្រ សំដៅឆ្ពោះទៅដណ្ដើមជោកជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ ទី២ ពង្រឹង និងពង្រីកយន្តការដឹកនាំ គ្រប់គ្រង និងបំផុសចលនាកីឡាបាល់ទះនៅថ្នាក់កណ្ដាល រាជធានី ខេត្ត តាមគ្រឹះស្ថានសិក្សា កងកម្លាំងប្រដាប់អាវុធ ក្រសួងស្ថាប័ន និងផ្នែកឯកជន។ ទី៣ រៀបចំកម្មវិធីប្រកួតកីឡាបាល់ទះ គ្រប់កម្រិតអោយបានញឹកញាប់ និងច្រើនកន្លែង រួមទាំងការបង្កើតកម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិ ក្នុងប្រទេសដើម្បីដកស្រង់បទពិសោធន៍បច្ចេកទេស និងជ្រើសរើសប្រមូលផ្ដុំកីឡករគ្រប់កម្រិតអាយុសំដៅត្រៀមលក្ខណៈចូលរួមក្នុងការប្រកួតលើឆាកអន្តរជាតិឱ្យបានញឹកញាប់ ។

ទី៤ កសាងហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យការអភិឌ្ឍន៍វិស័យកីឡាបាល់ទះឆ្លើយតបបានតាមទស្សនៈវិស័យ និងយុទ្ធសាស្ត្រ ដែលបានដាក់ចេញ។ ទី៥ បណ្ដុះបណ្ដាល និងបំប៉នបន្ថែមគ្រូបង្វឹក និងអាជ្ញាកណ្ដាល ដើម្បីរៀបចំឱ្យមាននៅគ្រប់រាជធានីខេត្ត តាមគ្រឹះស្ថានសិក្សា កងកម្លាំងប្រដាប់អាវុធ ក្រសួងស្ថាប័ន និង ផ្នែកឯកជន។ ទី៦ បន្តយកចិត្តទុកដាក់ថែទាំកីឡាករល្អៗ ដែលមានស្រាប់តាមរយៈការហ្វឹកហ្វឺន ការបំប៉នបន្ថែម និងការគិតគូរៀបចំគោលនយោបាយដើម្បីលើកទឹកចិត្ត។ ទី៧ ខិតខំស្វែងរកជំនួយ ឧបត្តម្ភគាំត្រមិត្តភក្តិបរទេសទាំងផ្នែកបច្ចេកទេសជំនាញ និង សម្ភារ ថវិកា ជាពិសេស ខិតខំទំនាក់ទំនងល្អ ជាមួយសហព័ន្ធកីឡាបាល់ទះ អន្តរជាតិ (FIVB) សហព័ន្ធកីឡាបាល់ទះអាស៊ី (AVC) និង សហព័ន្ធកីឡាបាល់ទះអាស៊ីអាគ្នេយ៍ (SEAVA) ។ ទី៨ ខិតខំគិតគូដើម្បីត្រៀមរៀបចំអោយមានការចងក្រងសម្ព័ន្ធមេត្រីភាព ជាមួយអង្គការនានា។ ទី៩ ខិតខំស្វែករកប្រភពធនធានហិរញ្ញវត្ថុ ដើម្បីធានាដល់ការអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យកីឡាបាល់ទះកម្ពុជាទាំងតមរយៈ ថវិការដ្ឋ ការជួយឧបត្តម្ភពីដៃគូរឯកជន អង្គការសមាគម និង មិត្តភក្កិបរទេស។ ទី១០ បន្តប្រមូលផ្ដុំហ្វឹកហាត់ កីឡាបាល់ទះក្នុងសាល ជម្រើសជាតិ ថ្នាល អាយុក្រោម ១៦ឆ្នាំ និងកីឡាករបាល់ះឆ្នេរខ្សាច់ ។ ទី១១ បន្តប្រមូលផ្ដុំហ្វឹកហាត់ កីឡាករបាល់ទះក្នុងសាលជម្រើសជាតិ៕

អត្ថបទ៖ រ័ត្ន

មតិយោបល់