រឿង សោភ័ណ្ឌ គំរាមឈប់ឡើងសង្វៀន SEA TV ក្រោយបរាជ័យកាលពីសប្តាហ៍មុន

នូ មករា March 3, 2017


ភ្នំពេញ៖ អ្នកប្រដាល់រឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍បានគំរាមសហព័ន្ធប្រដាល់ថាគេនឹងឈប់មកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ទៀតហើយ បន្ទាប់ពីរូបគេបានទទួលបរាជ័យក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦៨គីឡូក្រាមកាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅ ដោយចាញ់អ្នកប្រដាល់ឡាវ ថាវ អ៊ូឡាន (Thav Oulan) ដោយពិន្ទុហើយការប្រកួតកាលនោះចៅក្រមទាំង ៥ រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យថាវ អ៊ូឡានឈ្នះដូចគ្នា ។ ជាមួយនឹងការគំរាមបែបនេះសោភ័ណ្ឌបាននិយាយថាគេមិនខ្វះសង្វៀនប្រកួតទេគេអាចទៅប្រកួតនៅសង្វៀនដទៃទៀតបានហើយគេអាចចេញទៅប្រកួតនៅក្រៅប្រទេសបានទៀតផងដោយមិនចាំបាច់ឆ្លងសហព័ន្ធនោះឡើយ ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធគុនខ្មែរក៏បានមានប្រសាសន៍ដែរថាលោកអស់សង្ឃឹមជាមួយអ្នកប្រដាល់រូបនេះណាស់លោកតែងតែលើកទឹកចិត្តគេព្រមទាំងឲ្យលុយគេចាយក្រៅទៀតព្រោះគេជាអ្នកប្រដាល់ល្អមួយរូបដែរតែពេលនេះលោកមានតែជំរុញឲ្យគេលាឈប់តែម្ដងទៅ ហើយកុំសង្ឃឹមថាអាចទៅប្រកួតទីណាបានឲ្យសោះបើគ្មានការអនុញ្ញាតពីសហព័ន្ធនោះ ។

លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន ដែលជាអនុប្រធានសហព័ន្ធគុនខ្មែរបានព្រមានថាគ្មាននរណាអាចចេញទៅប្រកួតនៅក្រៅប្រទេសបាននោះទេប្រសិនបើគ្មានការអនុញ្ញាតពីសហព័ន្ធនោះ ។ លោកបានបន្តថា វាជាចរិតធម្មជាតិរបស់អ្នកប្រដាល់រូបនេះហើយដែលគេមិនហ៊ានទទួលស្គាល់ការពិតនោះ ។ ការតម្កើងខ្លួនជាតួឯក និងមើលងាយចៅក្រម អាជ្ញាកណ្ដាលបានធ្វើឲ្យសីលធម៌របស់អ្នកប្រដាល់រូបនេះធ្លាក់ទាបមែនទែន ។ លោកបន្ដថាអ្នកប្រដាល់ដែលចូលចិត្តប្រមាថអាជ្ញាកណ្ដាល ជេរអាជ្ញាកណ្ដាលបន្ទាប់ពីបញ្ចប់អាជីពទៅសហព័ន្ធមិនអាចទទួលយកគេមកបណ្ដុះបណ្ដាលឲ្យទៅជាអាជ្ញាកណ្ដាល ឬ ចៅក្រមបានឡើយ ។

គួរបញ្ជាក់ថា ក្លិបម្កុដរាជសីហ៍ស្ថិតនៅក្រោមចំណុះក្រសួងមហាផ្ទៃហើយមន្ត្រីក្លិបបានអះអាងថាអ្នកប្រដាល់រូបនេះទំនងជាបោះបង់ចោលអាជីពប្រដាល់ទៅលក់កាហ្វេហើយ ។ មន្ត្រីរូបនោះនិយាយថាបើគេទៅលក់កាហ្វេដោយឈប់លេងកីឡានោះគេនឹងមិនបានទទួលក្របខណ្ឌជានគរបាលឡើយ ។

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត