ឯកឧត្តម វ៉ាត់ ចំរើន៖ ស៊ីហ្គេមឆ្នាំ២០១៧នេះ គឺជាឆ្នាំដែលគ្មានសារធាតុដូពីងឡើយ!

នូ មករា February 28, 2017


ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំត្រៀមលក្ខណៈសម្បត្តិប្រមូលផ្តុំការហ្វឹកហាត់ចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីនាថ្ងៃទី១៩ ខែកក្កដា ដល់៣១ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា ឆ្នាំនេះជាឆ្នាំដែលម្ចាស់ផ្ទះម៉ាឡេស៊ីបានដាក់ពាក្យស្លោកថា «ស៊ីហ្គេមគ្មានសារធាតុដូពីង ឬសារធាតុញឿននោះទេ» ។ ឯកឧត្តមបានបន្តថា៖ «បញ្ហាពិនិត្យឈាមរកសារធាតុញៀនក្នុងអត្តពលិកវាជារឿងសំខាន់ និងជាមុខមាត់របស់ប្រទេសយើង ពីព្រោះទោះជាយើងឈ្នះមេដាយមាសក៏ដោយពេលគេពិនិត្យឈាមឃើញសារធាតុញៀន គេនឹងដកយកវិញហើយពិន័យបន្ថែមទៀត។ ចឹងយើងត្រូវរៀបចំការត្រួតពិនិត្យសារធាតុដូពីងនេះ នៅក្នុងប្រទេសរបស់យើងអោយបានរួចរាល់ជាមុន ដើម្បីជៀសវាងបញ្ហាជាមុន។»

ជាមួយគ្នានេះផងដែរលោកស្តើង ជា អនុគណៈកម្មការបង្ការសារធាតុញៀនហាមឃាត់ក្នុងកីឡាមានប្រសាសន៍ថា៖ «យើងធ្វើតេស្តឈាមទាំងនៅក្នុងស្រុក និងត្រូវពិនិត្យនៅក្រៅប្រទេសទៀតដែលជាកង្វល់ក្នុងការចំណាយប្រាក់ហេតុនេះគួរតែពិនិត្យទៅលើអត្តពលិកណាដែលគួរឱ្យសង្ស័យ ។ ឯកឧត្តមវ៉ាត់ ចំរើន បានបន្ថែមថា៖ «ព្រឹត្តការណ៍ស៊ីហ្គេមឆ្នាំនេះក៏មានលក្ខណៈតឹងតែងណាស់គឺដូចនៅប្រទេសសិង្ហបុរីដែរពីព្រោះការហ្វឹកហាត់គេក៏ហាត់យើងក៏ហាត់ភាពប៉ិនប្រសព្វក៏មានភាពរីកចម្រើនដូចគ្នា ដូច្នេះសហព័ន្ធកីឡាជាតិចំនួន ២៣ដែលមានឈ្មោះត្រូវទៅចូលរួមប្រកួតត្រូវពិនិត្យលទ្ធភាពឱ្យឃើញថាមានសក្តានុពលគួរឲ្យទុកចិត្តថានឹងឈ្នះមេដាយ និងជៀសវាងការប្រើប្រាស់សារធាតុហាមឃាត់នានា ក្នុងនោះមានដូចជាកីឡាប៉េតង់, តេក្វាន់ដូ, តេន្នីស និងប្រដាល់ព្រមទាំងកីឡាប្រយុទ្ធមួយចំនួនទៀត» ៕

អត្ថបទ៖ រត្ន័

មតិយោបល់