ភ្នំពេញក្រោននាំចូលកីឡាករប្រេស៊ីល-ជប៉ុន ២រូប ក្រោយឈរកំពូលតារាងបណ្ដោះអាសន្ន

នូ មករា February 28, 2017


ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោនបានបន្ថែមកម្លាំងថ្មីជាកីឡាករបរទេស ២រូបទៀត បន្ទាប់ពីរកបាន ៦ពិន្ទុ ដើម្បីឈរកំពូលតារាងពិន្ទុបណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជានេះ ក្នុងនោះមានខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលម្នាក់ Guto និងខ្សែបម្រើជនជាតិជប៉ុនម្នាក់ គឺកីឡាករ Yuta Suzuki ដែលក្លឹបទើបចុះកុងត្រានាំចូលនាដើមសប្ដាហ៍នេះ ។

សម្រាប់កីឡាករ Guto គឺជាខ្សែប្រយុទ្ធជោគជាំដោយបទពិសោធន៍លើទីលានម្នាក់ ដោយធ្លាប់លេងឲ្យក្លឹបជាច្រើនក្នុងតំបន់អាស៊ី និងក្លឹបមួយចំនួន នៅលើទឹកដីកំណត់ នៃប្រទេសប្រេស៊ីល ។ មុនផ្លាស់មកលេងឲ្យភ្នំពេញក្រោនគេបានចំណាយពេល ៤ខែលេងឲ្យក្លឹប Phrae United នៅក្នុងលីគលំដាប់ទី២ របស់ប្រទេសថៃផងដែរ។

ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំរូបនេះ និយាយថា «ខ្ញុំពិតជាចង់ជួយក្រុម និងគ្រូបង្វឹក ហើយខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីបង្ហាញសមត្ថភាពរបស់ខ្ញុំ ។ ក្រុមបានផ្តល់ឱកាសល្អដល់ខ្ញុំ និងជួយខ្ញុំឲ្យមានឱកាស ដូច្នេះខ្ញុំចង់ផ្តល់ឲ្យនូវភាពខ្លាំងរបស់ខ្ញុំទៅកាន់ក្លឹប និងក្រុម» ។ Guto ក៏ត្រៀមជាស្រេច ដើម្បីជួយភ្នំពេញក្រោន ស្វែងរកជើងឯកជាថ្មីទៀតផង ។

ចំណែកខ្សែបម្រើ Yuta Suzuki វិញ ក៏មិនធម្មតាដែរ ។ មុនធ្វើដំណើរមករួមរស់ជាមួយភ្នំពេញក្រោន កីឡាករជប៉ុនរូបនេះ បានចំណាយពេល ៦ខែលេងឲ្យក្រុម FSC Stara Rise នៃលីគលំដាប់ទី៤ របស់សាធារណរដ្ឋឆេក ក្រោយពេលជួយក្រុម Suzuka Rampole គ្រងជើងឯកពាន Tokai Division 1 កាលពីឆ្នាំ២០១៤ នៅលើទឹកដីជប៉ុន ។

ក្រោយមកដល់ភ្លាមខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះ និយាយថា «ភ្នំពេញក្រោនគឹជាក្លឹបអស្ចារ្យមួយ និងមានកីឡដ្ឋានដ៏ល្អ ហើយមានកីឡាករវ័យក្មេងល្អៗ ។ ខ្ញុំចង់លេងនៅទីនេះ ព្រោះខ្ញុំក៍ជាកីឡាករវ័យក្មេង ខ្ញុំមានភាពរហ័ស, ឆ្លាត, ខ្ញុំស្រឡាញ់ការលេងរបៀបប៉ះ និងខ្ញុំអាចលេងគ្រប់តំបន់នៃខ្សែបម្រើ ខ្ញុំពិតជាចង់បង្ហាញអ្វីដែលខ្ញុំអាចធ្វើជាមួយក្រុម។ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានមកទីនេះ»៕

អត្ថបទ៖ បុត្រា

មតិយោបល់