អ្នកតេក្វាន់ដូ ៤៤នាក់ចូលរួមវគ្គវិក្រឹតការ និងសិក្ខាសាលាពីតួនាទីរបស់អាជ្ញាកណ្ដាល និងចៅក្រម

នូ មករា February 27, 2017


ភ្នំពេញ៖ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីឆ្នើមៗចំនួន ៤៤រូបនៃសហព័ន្ធកីឡាតេក្វាន់ដូអាយ ធី អេហ្វ (I.T.F- International Taekwondo Federation) ដែលជាស្ទីលរបស់កូរ៉េខាងជើងបានជួបជុំគ្នាពេញមួយថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅដើម្បីចូលរួមវគ្គវិក្រឹតការក្បាច់គុន និងសិក្ខាសាលាពីតួនាទីរបស់អាជ្ញាកណ្ដាល និងចៅក្រម ក្រោមអធិបតីភាពលោកកែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយ ធី អេហ្វ អាស៊ីអាគ្នេយ៍ ដោយមានការចូលរួមផងដែរពីសំណាក់លោកវេជ្ជបណ្ឌិតហ៊ឹម រីដា ដែលជាមន្ត្រីជាន់ខ្ពស់របស់សហព័ន្ធតេក្វាន់ដូអាយ ធី អេហ្វ ទទួលបន្ទុកចៅក្រម និងអាជ្ញាកណ្ដាល លោកប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធជាវាគ្មិននៅក្នុងកម្មវិធី ។


ថ្លែងប្រាប់បណ្ដាញឃោសនាជាតិក្រោយបញ្ចប់កម្មវិធីលោកប៊ួន ហ៊ីងសុធីយ៉ា បានឲ្យដឹងថានេះជាឱកាសមួយដើម្បីពង្រឹងសមត្ថភាពអាជ្ញាកណ្ដាល ចៅក្រមរបស់យើងហើយវាក៏ជាពេលវេលាសំខាន់មួយដែលឲ្យកីឡាករកីឡាការិនីជម្រើសជាតិ និងគ្រូបង្វឹកបានយល់អំពីកំហុសរបស់ខ្លួននៅពេលប្រកួត។ លោកបន្តថាកាយវិការរបស់គ្រូបែបណាខ្លះដែលត្រូវអាជ្ញាកណ្ដាលព្រមាន ឬ បណ្ដេញចេញពីទីលានប្រកួតហើយកីឡាករដែលកំពុងតែប្រកួតត្រូវជៀសវាងអ្វីខ្លះដើម្បីកុំឲ្យអាជ្ញាកណ្ដាល ឬ ចៅក្រមដកពិន្ទុរបស់ខ្លួននោះ ។ លោកក៏បានបន្ថែមឲ្យដឹងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំបច្ចេកទេសមួយចំនួនត្រូវបានសហព័ន្ធពិភពលោកកែប្រែ ហេតុនេះក្នុងឋានៈយើងជាសមាជិកមួយរូបដែរនោះយើងត្រូវតែស្វែងយល់ពីអ្វីៗដែលថ្មី ។ លោកវេជ្ជបណ្ឌិតហ៊ឹម រីដាក៏បានប្រាប់អ្នកកាសែតដែរថាការធ្វើសិក្ខាសាលានេះគឺដើម្បីឲ្យអាជ្ញាកណ្ដាល ចៅក្រមរបស់យើងបង្កើនសមត្ថភាពឲ្យស្របទៅតាមនិយាមរបស់អន្តរជាតិ ។

ជាមួយគ្នានេះ លោកកែវ រ៉េមី បានចាត់ទុកថានេះជាវគ្គដែលមានសារៈសំខាន់ដោយរាល់បទឧទ្ទសនាមសុទ្ធតែមានវីដេអូចាក់ឲ្យមើលដោយមើលទាំងកំហុស របស់គ្រូ និងកីឡាករទៀតផង ។ សូមបញ្ជាក់ថា សិក្ខាកាមដែលបានចូលរួមមកពីសមាគម-ក្លិបចំនួន ៥ គឺក្លិបយុវជន ក្លិបសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ  ក្លិបសេរីភាពខេត្តកណ្ដាល ក្លិបសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល និងក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕

អត្ថបទ៖ រ័ត្ន

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត