លីគ៖ ទ័ពចង់ឈ្នះគ្រប់ប្រកួតដើម្បីលើកពាន មិនមែនចង់ឈ្នះតែ Cam-Tiger ឡើយ

នូ មករា February 25, 2017


ភ្នំពេញ៖ ក្រុមក្រសួងការពារជាតិ(ទ័ព) បានត្រៀមខ្លួនជាស្រេចក្នុងនាមជាក្រុមភ្ញៀវ ដើម្បីទទួលក្រុម Cambodian Tiger នៅលើទីឡានកីឡដ្ឋានស្ដាតចាស់នាវេលាម៉ោង ៣៖០០នាទីរសៀលនេះ ។ ទន្ទឹមជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រុមជើងឯករងឆ្នាំចាស់ ក្រសួងការពារជាតិ បានប្ដេជ្ញាចិត្តដណ្ដើមយក ៣ពិន្ទុពីការប្រកួតនេះឲ្យខានតែបាន ដើម្បីសម្រេចគោលដៅយកឈ្នះគ្រប់ការប្រកួត ឆ្ពោះទៅគ្រងជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៧នេះទៀតផង ។


លោក ខូវ ឆាយ អ្នកចាត់ការក្រុមក្រសួងការពារជាតិ បានឲ្យដឹងថា៖ «ដូវកាលមុនយើងទទួលបានជ័យជម្នះមួយជំហានហើយ ដោយដណ្ដើមបានតំណែងជើងឯករងនៃលីគកំពូលកម្ពុជា ប៉ុន្ដែរដូវកាលថ្មីនេះ យើងត្រៀមខ្លួនបានខ្លាំងជាងមុន ហើយក៏មានមហិច្ឆតាធំជាងមុនដែរ គឺការប្ដេជ្ញាចិត្តដណ្ដើមជើងឯកឲ្យបាន ។ ដូច្នេះរាល់ការប្រកួតយើងត្រូវការឈ្នះជានិច្ច សូម្បីតែជំនួបជាមួយក្រុម Cambodian Tiger រសៀលនេះ គឺមិនត្រូវការចាញ់នោះទេ ព្រោះខ្លាចបាតបង់ឱកាសល្អដូចឆ្នាំមុន ក្រោយភ្លាត់ចាញ់ត្រឹមតែ ២ប្រកួតប៉ុណ្ណោះ» ។

គួរបញ្ជាក់ថា ជំនួបជាមួយក្រុម Cambodian Tiger រសៀលនេះ គឺជាការប្រកួតបើកឆាករដូវកាលថ្មីរបស់ក្រុមក្រសួងការពារជាតិ បន្ទាប់ពីប្រកួតទី១ ដែលគ្រោងជួបក្រុមបឹងកេតអង្គរ កាលពីថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅ ត្រូវបានលើកពេល ព្រោះក្រុមបឹងកេតជាប់ទៅប្រកួតពាន AFC Cup 2017 ។ ម្យ៉ាងវិញទៀត ដំបូងឡើយជំនួបរវាងក្រុម Cambodian Tiger និងការពារជាតិ គឺគ្រោងធ្វើនៅកីឡដ្ឋានខេត្តសៀមរាប ដែលជាទឹកដីរបស់ Tiger ទេ ប៉ុន្ដែដោយសារកីឡដ្ឋាននោះជាប់ជួសជុល ក្រុមទាំងពីរក៏សម្រេចលើកមកពីប្រកួតនៅកីឡដ្ឋានស្ដាតចាស់វិញ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត