លោក សំ វ៉ាន់ដេត៖ បឹងកេត គឺជាទិសដៅស្វាយរៀងចង់ឈ្នះជាងគេ នារដូវកាលថ្មីនេះ

នូ មករា February 25, 2017


ភ្នំពេញ៖ គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក សំ វ៉ាន់ដេត បាននិយាយថា «រដូវកាលថ្មីនេះ ថ្នាក់ដឹកនាំ និងសមាជិកក្រុមទាំងមូល បានចាត់ទុកក្រុមបឹងកេតអង្គរ គឺជាទិសដៅដ៏សំខាន់ជាងគេ ដែលក្លឹបត្រូវការឈ្នះបំផុត ព្រោះបឹងកេតជាក្រុមការពារតំណែងជើងឯក» ។ ការលើកឡើងបែបនេះ ស្របពេលក្រុមខ្លាំងទាំងពីរត្រូវជួបគ្នា លើទីលានពហុកីឡដ្ឋានជាតិ ដែលជាទឹកដីរបស់ក្រុមបឹងកេតអង្គរ នាវេលាម៉ោង ៦ល្ងាចស្អែកនេះ ។

ទន្ទឹមជាមួយការចង់ឈ្នះក្រុមមានមូលដ្ឋានមកពីខេត្តកំពង់ចាមមួយនេះ លោក សំ វ៉ាន់ដេត ក៏បានកោតសរសើរក្រុមបឹងកេតអង្គរ មុននឹងជួបគ្នាផងដែរ ។ លោកបន្ដថា «បឹងកេត គឺជាក្រុមមួយដ៏អស្ចារ្យ និងជាមោទនៈភាពមួយសម្រាប់ក្រុមបាល់ទាត់ខ្មែរទាំងអស់ ដែលបានឡើងវគ្គចែកពូលពាន AFC Cup 2017 ហើយក៏ជាក្រុមកំពុងពោរពេញដោយថាមពល ព្រោះរាល់ការប្រកួតពួកគេតែងតែធ្វើបានល្អ» ។

តែយ៉ាងណាក្រុមរបស់លោក សំ វ៉ាន់ដេត ហាក់មិនញញើតចំពោះក្រុមដឹកនាំដោយគ្រូបង្វឹកជនជាតិអូស្រ្ដាលីលោក John McGlynn នេះឡើយ ។ លោក វ៉ាន់ដេត បន្ថែមថា «ការប្រកួតលើទឹកដីបឹងកេតចុងសប្ដាហ៍ គឺជារឿងពិបាក ប៉ុន្ដែអ្វីដែលជាយើងត្រូវធ្វើ អ្វីដែលជាទិសដៅរបស់ថ្នាក់ដឹកនាំ គឺដាច់ខាតយើងត្រូវការឈ្នះបឹងកេត ទោះបីគាត់ជាក្រុមខ្លាំង ឬជាក្រុមមានទឹកចិត្តខ្ពស់ក៏ដោយ ព្រោះបើយើងឈ្នះក្រុមខ្លាំង គឺយើងអាចទទួលបានពាន ។ អញ្ចឹងបឹងកេត គឺជាទិសដៅសំខាន់របស់ស្វាយរៀង» ។

គួររំឮកថា កាលពីរដូវកាលមុនក្រុមព្រះខ័នរាជស្វាយរៀង បានបរាជ័យក្រោមថ្វីជើងក្រុមជើងឯក ២ជំនាន់បឹងកេតអង្គរទាំង ២ជើង ដោយប្រកួតក្នុងដីចាញ់ដោយលទ្ធផល ១-០ និងប្រកួតក្រៅដីចាញ់ក្នុងលទ្ធផល ៣-១ ។ ដូច្នេះចាំមើលតើជំនួបក្រៅដីជើងទី១ នាល្ងាចស្អែកនេះ អតីតក្រុមជើងឯកឆ្នាំលីគឆ្នាំ២០១៣ ព្រះខ័នរាជស្វាយរៀង អាចសងសឹកក្រុមបឹងកេតអង្គរបាន ឬក៏យ៉ាងណា?

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត