ថ្នាក់ដឹកនាំកីឡាជាតិបូកសរុបសមិទ្ធផលកីឡាដែលធ្វើបានកាលពីឆ្នាំចាស់កន្លងទៅ

នូ មករា February 24, 2017


ភ្នំពេញ៖ មហាសន្និបាតអនុវិស័យកីឡាដែលធ្វើឡើងរយៈពេល ២ថ្ងៃបានបញ្ចប់ហើយកាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈម្សិលមិញដែលជាមួយនឹងការបញ្ចប់នេះ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានប្រគល់ប៊ូលចំនួន៣៥០ យួរដែលស្មើនឹង ១.០៥០គ្រាប់ដល់មន្ទីរអប់រំយុវជន និងកីឡាទាំង ២៥រាជធានី-ខេត្តដើម្បីយកទៅចែកចាយដល់សាលារៀនដែលមានសកម្មភាពហ្វឹកហាត់ប៉េតង់ចំនួន ៧៧ក្លិបដើម្បីហ្វឹកហាត់ ។ គួរបញ្ជាក់ថាគិតតាំងពីពេលបង្កើតសហព័ន្ធមកប៉េតង់រកបានមេដាយមាសទាំងកម្រិតពិភពលោក ទ្វីប តំបន់ បានចំនួន៦០គ្រឿង មេដាយប្រាក់៨០គ្រឿង និង សំរិទ្ធ៩២គ្រឿង ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា ក៏បានបំពាក់គ្រឿងឥស្សរយយសថ្នាក់មុនីសារភ័ណ្ឌដល់គ្រូបង្វឹកកីឡាវូស៊ូកូរ៉េខាងត្បូងគឺលោកគីម  ជីនគ្វាន់ ទៀតផង ។ នៅក្នុងសន្និបាតអនុវិស័យកីឡារយៈពេល២ថ្ងៃនេះដែរ លោកអ៊ុក សិទ្ធិជាតិអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានបង្ហាញពីសមិទ្ធផលធំៗលើវិស័យកីឡាដែលក្រសួងអប់រំយុវជន និង កីឡាធ្វើបាន ។ សមិទ្ធផលចម្បងៗដែលរួមមាន ក្រសួងបានអនុម័តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡានិងអនុម័តកម្មវិធីសិក្សាអប់រំកាយ និងកីឡានៅមធ្យមសិក្សាព្រមទាំងផ្សព្វផ្សាយការអនុវត្តសៀវភៅអប់រំកាយកម្រិតបឋមសិក្សា។ ការបណ្តុះបណ្តាលថ្នាលកីឡាករ កីឡាការិនីបាន ចំនួន៩ប្រភេទកីឡា សរុបចំនួន ១៧២នាក់ មានកីឡាបាល់ទាត់ បាល់បោះ បាល់ទះ អត្តពលកម្ម តេក្វាន់ដូ WTF ប៉េតង់ ហែលទឹក ចំបាប់ និងប្រដាល់  និងបណ្តុះបណ្តាលក្រុមជម្រើសជាតិ ចំនួន២៦ប្រភេទកីឡា សរុបចំនួន ៤១៧នាក់។

លោកបានបន្តថា ក្រសួងបានជួសជុលកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ដូចជា ពហុកីឡដ្ឋានជាតិ (សាងសង់ទីលានបាល់បោះចំនួន០៣បាល់ទះចំនួន០២តេនីសចំនួន០២និងអាគាររដ្ឋបាលរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា)នៅវិទ្យាល័យព្រះស៊ីសុវត្តិ (សាងសង់ទីលានបាល់បោះចំនួន០៣បាល់ទះចំនួន០៣) នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (សាងសង់សាលដំបូលទូក ចំនួន០១) និងសាងសង់សាលាថ្នាលនិស្ស័យកីឡានៅវាលស្បូវរាជធានីភ្នំពេញ។ ក្រៅពីនេះបានរៀបចំការប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ មានការចូលរួមពីរាជធានី ខេត្តទាំង២៥ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ មានមន្រ្តីដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប២៧០០នាក់ ប្រកួតលើប្រភេទកីឡាចំនួន១៥ ដែលក្នុងនោះមានប្រភេទកីឡា៖ បាល់ទាត់ បាល់បោះ បាល់ទះ អត្តពលកម្ម ប្រដាល់ តេក្វាន់ដូ សូរិនហ្សិកាំប៉ូ ប៉េតង់ ចំបាប់ វាយកូនបាល់វាយកូនឃ្លីលើតុ វាយសី ល្បុក្កតោ កាយសម្ព័ន្ធ និងហែលទឹក ធ្វើនៅមជ្ឈមណ្ឌលកីឡាហែលទឹកតេជោសែន ខេត្តកំពង់ចាម ហើយមានវិញ្ញាសាចំនួន១៨៩ ព្រមទាំងការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានាក្នុងឆ្នាំ២០១៦ ចូលរួមការប្រកួតជើងឯកពិភពលោក អាស៊ី និងអាស៊ីអាគ្នេយ៍ កម្ពុជាទទួលបានមេដាយសរុបចំនួន១៩៩ ក្នុងនោះ មេដាយមាសចំនួន៦៧ ប្រាក់៥៤ និងសំរឹទ្ធ៧៨ ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់