លីគកំពូលកម្ពុជាស្អែកនេះមាន ៣គូ ខណៈ ២គូ គឺជាជំនួបគួរឲ្យជក់ចិត្ត!

នូ មករា February 24, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់ជើងឯកលីគកំពូលកម្ពុជារដូវកាលថ្មី នឹងឈានដល់ការប្រកួតសន្សំពិន្ទុជើងទី១ សប្ដាហ៍ទី២ ចុងសប្ដាហ៍នេះហើយ ដោយកម្មវិធីប្រកួតនាថ្ងៃទី២៥ ខែកុម្ភៈស្អែកនេះមានចំនួន ៣គូ ក្នុងនោះមាន ២គូ គឺជាជំនួបរវាងក្រុមខ្លាំងៗលំដាប់កំពូលតារាងកាលពីរដូវកាលមុន រួមមានក្រុមណាហ្គាវើល ជួបក្រុមភ្នំពេញ និងក្រុមក្រសួងការពារជាតិ ប៉ះក្រុម Cambodian Tiger ។


សម្រាប់ជំនួបរវាងក្រុមណាហ្គាវើល និងក្រុមភ្នំពេញក្រោន នឹងធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦ល្ងាច ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ ។ កាលពីរដូវកាលមុនជួបគ្នា ២ជើង ក្រុមណាហ្គាវើលទទួលបានជ័យជម្នះក្នុងទឹកដី ដោយលទ្ធផល ២-១ នឹងប្រកួតស្មើគ្នាក្នុងទឹកដីភ្នំពេញក្រោនវិញ ដោយលទ្ធផល ១-១ ។ ដូច្នេះចាំមើលស្អែកនេះ លទ្ធផលទៅជាយ៉ាងណា?

ដោយឡែកការប្រកួតរវាងក្រុមជើងឯករងក្រសួងការពារជាតិ ដែលគ្រោងធ្វើឡើងនៅលើទឹកដីក្រុម Cambodian Tiger ដែលជ្រើសយកកីឡដ្ឋានខេត្តសៀបមរាបជាទឹកដីនោះ ត្រូវបានលើកមកប្រកួតនៅស្ដាតចាស់ជាស្ថាពរហើយ ដោយសារកីឡដ្ឋានខេត្ដសៀមរាបកំពុងជួសជុលឲ្យបានល្អប្រសើរ ។ ប៉ុន្ដែទោះបីផ្លាស់មកលេងនៅស្ដាតចាស់ក្ដី ក៏ក្រុមក្រសួងការពារជាតិ ដែលជាម្ចាស់ស្ដាតលេងក្នុងឋានៈជាភ្ញៀវដដែល ។ តាមគម្រោងការប្រកួតរវាងក្រុមខ្លាំងទាំងពីរនេះ ទំនងគ្មានការផ្សាយផ្ទាល់ឡើយ ប៉ុន្ដែជាជំនួបដ៏ជក់ចិត្តមួយ ដែលអ្នកគាំទ្រទន្ទឹងរង់ចាំទស្សនា ។

កាលពីរដូវកាលមុនជួបគ្នា ២ជើង ក្រុមក្រសួងការពារជាតិទទួលបានជ័យជម្នះក្រុម Cambodian Tiger ទាំង ២ជើង ដោយក្នុងទឹកដីការពារជាតិឈ្នះ ១-០ និងក្រៅទឹកដីឈ្នះ ២-១ ។ ប៉ុន្ដែឆ្នាំនេះថ្នាក់ដឹកនាំក្រសួងការពារជាតិ បានប្ដេជ្ញាចិត្តធ្វើឲ្យបានជាងឆ្នាំមុនទៅទៀត ។ ចំណែកមួយគូទៀតនោះ គឺជំនួបរវាងក្រុមលំដាប់បាតតារាងវេស្ទើនភ្នំពេញ និងក្រុមចំណូលថ្មីគិរីវង់សុខសែនជ័យ ដែលការប្រកួតជើងទី១ រវាងក្រុមទាំងពីរនេះ ធ្វើឡើងនៅកីឡដ្ឋានវេស្ទើន ។ ក្រុមទាំងពីរនេះបានបរាជ័យមួយប្រកួតម្នាក់មកហើយ កាលពីប្រកួួតបើកឆាករដូវកាលថ្មី កាលពីចុងសប្ដាហ៍នេះ ដោយវេស្ទើនចាញ់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល ៤-០ ខណៈគិរីវង់ ចាញ់ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-១ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត