មន្ដ្រី CNCC៖ Cam-Tiger ប៉ះទ័ពខានស្អែក ៨០%ប្ដូរទីលានមកស្ដាតចាស់ ព្រោះ…!

នូ មករា February 23, 2017


ភ្នំពេញ៖ តាមគម្រោងការប្រកួតសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា រវាងក្រុម Cambodian Tiger និងក្រុមជើងឯករងក្រសួងការពារជាតិ(ទ័ព) ដែលគ្រោងរៀបចំនៅកីឡដ្ឋានខេត្តសៀមរាប នាថ្ងៃទី២៥ ខែកុម្ភៈខានស្អែកនេះ អាចនឹងប្ដូរទីលានមកកាន់ពហុកីឡដ្ឋានកងយោធពលខេមរៈភូមិន្ទ(ស្ដាតចាស់)វិញ ព្រោះកីឡដ្ឋានខេត្តសៀមរាប ជាប់ជួសជុលឲ្យកាន់តែល្អប្រសើរ ខណៈក្រុមម្ចាស់ផ្ទះ Cambodian Tiger ក៏បានដាក់សំណើរសុំប្ដូរទីលានមកកាន់គណៈកម្មការប្រកួតបាល់ជាតិកម្ពុជា(CNCC)ហើយដែរ ។
លោក ឆាំង ពិសិដ្ឋ មន្ដ្រីរបស់ CNCC បានឲ្យដឹងនាព្រឹកនេះថា អង្គភាពរបស់ខ្លួនបានទទួលសំណើរសុំប្ដូរទីលានពីក្រុម Cambodian Tiger ហើយ ប៉ុន្ដែថ្នាក់ដឹកនាំមិនទាន់បានប្រជុំសម្រេចនោះទេ ។ តែតាមការវាយតម្លៃតាមទិដ្ឋភាពជាក់ស្ដែង ក្នុងនាមមន្ដ្រីគ្រប់គ្រង់ការប្រកួតថ្នាក់ជាតិម្នាក់ លោករំពឹងថា ក្ដីសង្ឃឹមប្ដូរទីលានមានប្រហែល ៨០% តាមសំណូមពររបស់ Cambodian Tiger ដើម្បីសម្រួលការប្រកួតមួយនេះ និងការប្រកួតក្រោយៗកាន់តែរលូន បន្ទាប់ពីក្លឹបដឹកនាំដោយជនជាតិជប៉ុននេះជួសជុលកីឡដ្ឋានខេត្តសៀមរាបរួច ។ គួរបញ្ជាក់ថា រដូវកាលថ្មីនេះ ក្លឹប Cambodian Tiger បានទទួលការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា យកកីឡដ្ឋានខេត្តសៀមរាបធ្វើជាទឹកដីប្រកួតលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់ Hun Sen Cup ផងដែរ ។
យ៉ាងណាមិញមុនសម្រេចចិត្តជួសជុលទីលានខាងលើ ក្រុមឈរចំណាត់ថ្នាក់លេខ៦ កាលពីរដូវកាលមុននេះ បានបើកការប្រកួតសម្ពោធកីឡដ្ឋានជាទឹកដីថ្មីរបស់ខ្លួនមួយប្រកួតមកហើយ ដោយប្រកួតស្មើក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដោយលទ្ធផល ១-១ កាលពីចុងសប្ដាហ៍មុន ៕
អត្ថបទ៖ បុត្រា

មតិយោបល់