ឈិន ក្វាន់ង៉ុយ កំពុងសម្រាកព្យាបាលឈាមកកក្នុងថ្លើមក្រោយប្រកួតចាញ់ វ៉ាន់ ចាន់វ៉េត កាលពីសប្ដាហ៍មុន

នូ មករា February 23, 2017


ភ្នំពេញ៖ ក្នុងស្ថានភាពពេលនេះក្រុមគ្រូពេទ្យកំពុងតាមដាន និងព្យាបាលយ៉ាងយកចិត្តទុកដាក់ចំពោះអ្នកប្រដាល់ ឈិន ក្វាន់ង៉ុយ របស់ក្លិបមកុដរាជសីហ៍នៃក្រសួងមហាផ្ទៃ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត បន្ទាប់ពីរូបគេបានចុកក្នុងទ្រូង ពេលប្រកួតជាមួយ វ៉ាន់ ចាន់វ៉េត កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន ។ គ្រូពេទ្យបានអះអាងថា ក្វាន់ង៉ុយ មានបញ្ហាគ្រាំក្នុង និងមានឈាមកកក្នុងថ្លើមដែលមានលក្ខណៈធ្ងន់ធ្ងរ ហើយក្រោយពេលថតឆ្លុះរួចមកគ្រូពេទ្យប្រាប់ថាមានបញ្ហាគ្រាំក្នុងមានឈាម និងស្នាមជាំនៅថ្លើម ទំនងការប៉ះទង្គិចធ្ងន់ហើយគ្រូពេទ្យកំពុងព្យាបាល ។
 
គ្រូពេទ្យប្រាប់ទៀតថា តាមអាការៈនេះរូបគេត្រូវព្យាបាលក្នុងរយៈពេលមួយសប្តាហ៍សិនបើមិនធូរស្រាលទេ គឺឈានទៅដល់ការវះកាត់តែម្តង ។  ប្រធានសហព័ន្ធគុនខ្មែរលោកតែម ម៉ឺន បានមានប្រសាសន៍ថា៖ «ក្នុងនាមយើងជាថ្នាក់ដឹកនាំ គឺទទួលខុសត្រូវជានិច្ចចំពោះបញ្ហារបស់កីឡាករដែលជួបបញ្ហារបួសឈឺក្រោយការប្រកួត។ ជាគោលការណ៍យើងរួមគ្នាទទួលខុសត្រូវជួយតាមលទ្ធភាព គឺមានខាងក្លិបសមាគមខាងម្ចាស់ស្ថានីយទូរទស្សន៍ និងភាគីសហព័ន្ធគុនខ្មែរដើម្បីឲ្យបានធូរស្បើយ»។
សូមបញ្ជាក់ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀតនេះ លោកឧត្តមសេនីយ៍ ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃបានឧបត្ថម្ភជាបណ្តោះអាសន្នដល់ ឈិន ក្វាន់ង៉ុយចំនួន ១០០ ដុល្លារ កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅដើម្បីជួយសម្រួលការលំបាកនេះ។ ជាមួយគ្នានោះដែរ កីឡាកររួមក្លិបជាមួយនឹង ឈិន ក្វាន់ង៉ុយ រួមមាន រឿង សោភ័ណ្ឌ,តក់ សោភ័ណ្ឌ និងប្រធានក្លិបលោក គង់ ចាន់ធីណា ក៏បានជួយឧបត្ថម្ភប្រាក់ និងគ្រឿងបរិភោគមួយចំនួនដែរដើម្បីជួយសម្រាលការលំបាករបស់ ក្វាន់ង៉ុយ ៕
អត្ថបទ៖ រត្ន័

មតិយោបល់