UEFA Champions League: លទ្ធផលនៃការប្រកួតកាលពីយប់មិញនេះ!

នូ មករា February 22, 2017


ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ ១៦ ក្រុមចុងក្រោយជើងទី ១ រវាង ក្លឹប​ Manchester City របស់ប្រទេស​ ​អង់គ្លេស ជួបជាមួយក្រុម​ក្លឹប AS Monaco របស់ប្រទេស​ បារាំង និង ក្លឹប Leverkusen ដែលប៉ះ​ជាមួយក្លឹប Atletico Madrid នៅវេលាម៉ោង ២​:៤៥ នាទីរំលងអធ្រាត្រថ្ងៃទី ២២ កុម្ភៈ នោះបានបញ្ចប់ហើយ។

សម្រាប់ការប្រកួតរវាងក្លឹប Manchester City ជាមួយក្លឹប AS Monaco បានបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះបានយកឈ្នះក្នុងលទ្ធផលរហូតដល់ទៅ ៥-៣។ ការប្រកួតរវាងក្រុមទាំងពីរពិតស្វិតស្វែងដោយមានគ្រាប់បាល់រហូតដល់ទៅ ៨ គ្រាប់ខណៈក្លឹប Manchester City ជាអ្នករកបានគ្រាប់បាល់នាំមុខបានមុននៅនាទីទី ២៦ ដោយកីឡាករ Sterling តែការនាំមុខបានតែ ៦ នាទីដោយខ្សែប្រយុទ្ធឆ្នើមកីឡាករ Falcao រកបានគ្រាប់បាល់តាមស្មើវិញនៅនាទីទី ៣២ ហើយកីឡាករ Mbappe របស់ក្លឹប Monaco បន្ថែមមួយគ្រាប់ទៀតនៅនាទីទី ៤០ ជួយឲ្យក្លឹបនាំមុខបណ្តោះអាសន្នក្នុងតង់ទី ១ ២-១។

ចូលដល់តង់ទី ២ ក្លឹបម្ចាស់ផ្ទះ Manchester City បានបង្កើនការប្រយុទ្ធដើម្បីរកបានគ្រាប់បាល់តាមស្មើដោយនៅនាទីទី ៥៨ កីឡាករ Agüero ធ្វើបានសម្រេច តែកីឡាករ Falcao រកបានគ្រាប់បាល់នាំមុខឲ្យក្រុមភ្ញៀវសាជាថ្មី នៅនាទីទី ៦១។ តែទោះជាយ៉ាងណាក្រុមម្ចាស់ផ្ទះនៅតែបន្តសម្រុករហូតដល់រកបាន ៣ គ្រាប់បន្ថែមដោយកីឡាករ Agüero នៅនាទីទី ៧១ កីឡាករ Stones នៅនាទីទី ៧៧ និងកីឡាករ Sané នៅនាទីទី ៨២។ ចប់ការប្រកួតក្លឹប Manchester City ឈ្នះក្នុងលទ្ធផល ៥-៣។

ចំណែកឯការប្រកួតរវាងក្លឹប Leverkusen ដែលប៉ះ​ជាមួយក្លឹប Atletico Madrid បានបញ្ចប់ទៅដោយក្រុមភ្ញៀវយកឈ្នះក្នុងលទ្ធផល ៤-២។ ការប្រកួតរវាងក្រុមក៏មិនខុសពីមុនផងដែរដែលក្រុមទាំងពីឬសុទ្ធតែវាយសម្រុកគ្នាយ៉ាងស្វិតស្វែងខណៈដែលក្រុមភ្ញៀវរកបានគ្រាប់បាល់ដោយកីឡាករ Ñíguez នៅនាទីទី ១៧ កីឡាករ Griezmann នៅនាទីទី ២៥ កីឡាករ Gameiro នៅនាទីទី ៥៨ ខណៈកីឡាករ Torres នៅនាទីទី ៨៦ ស្របពេលដែលក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់នៅនាទីទី ៤៨ ដោយកីឡាករ Bellarabi និងកីឡាករ Savic ធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅនាទីទី ៦៧៕

អត្ថបទ៖ រិទ្ធី

រូបភាព៖ UEFA Champions League

មតិយោបល់