សហព័ន្ធកីឡាចំបាប់ នឹងបញ្ជូនអត្តពលិក ១០រូបទៅប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅថៃ

នូ មករា February 21, 2017


ភ្នំពេញ៖ លោកធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានបង្ហើបឲ្យដឹងថា លោកបានទទួលរួចហើយនូវលិខិតអញ្ជើញពីសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ដែលអញ្ជើញកីឡាចំបាប់កម្ពុជាទៅចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍(Wrestling SEA Champion)នៅប្រទេសថៃនាដើមខែមេសាខាងមុខនេះ ។

ជាមួយនឹងការបានទទួលលិខិតអញ្ជើញនេះលោកក៏បានស្វែងរកថវិកាសម្រាប់ការចេញទៅចូលរួមប្រកួតនេះដែរ ។ លោកអះអាងថានៅចំពោះមុខនេះលោករកបានថវិកាសម្រាប់បញ្ជូនអត្តពលិកចំបាប់ចំនួន១០រូបទៅចូលរួមប្រកួតដែរហើយ ។ ទោះបីលោកបានកំណត់ថានឹងបញ្ចូនកីឡាចំបាប់១០រូបទៅចូលរួមប្រកួតក៏ដោយក៏លោកនៅមិនទាន់បង្ហាញឈ្មោះអ្នកដែលត្រូវទៅចូលរួមប្រកួតដែរ ដោយសារតែពេលវេលានៅឆ្ងាយដែរហេតុនេះលោកត្រូវនៅចាំសង្កេតមើល តើកីឡាករណាដែលមានគុណផលខ្ពស់ មានវិន័យល្អ និងខិតខំហ្វឹកហាត់ ។


ជាមួយនឹងការបញ្ជូនកីឡាចំបាប់ចំនួន១០រូបទៅចូលរួមប្រកួតនេះលោកក៏នឹងបញ្ចូនមន្ត្រីអាជ្ញាកណ្ដាល ចៅក្រមរបស់លោកចំនួន៥ រូបឲ្យទៅសិក្សាយកសញ្ញាប័ត្រអាជ្ញាកណ្ដាល ចៅក្រមអន្តរជាតិនៅប្រទេសថៃទៀតផង ។ លោកបញ្ជាក់ថា មុនពេលប្រកួតបែបនេះសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍នឹងបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមកម្រិតអន្តរជាតិដល់ប្រទេសជាសមាជិកដែលចូលរួម ។ លោកវិចិត្រចាត់ទុកថានេះជារឿងសំខាន់ណាស់ព្រោះកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣ហេតុនេះយើងត្រូវតែមានអាជ្ញាកណ្ដាល ចៅក្រមកម្រិតអន្តរជាតិដាច់ខាត ។ថ្មីៗនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតម្រូវឲ្យសហព័ន្ធចំបាប់ត្រូវមានអាជ្ញាកណ្ដាល ចៅក្រមអន្តរជាតិតិចបំផុត១០នាក់នៅឆ្នាំ២០២០ ។


លោកបន្តថានៅខែមេសាខាងមុខនេះចំបាប់របស់កម្ពុជា នឹងមានចៅក្រម អាជ្ញាកណ្ដាលអន្តរជាតិ ៥នាក់រត់មុខហើយៗទម្រាំឆ្នាំ២០២០ចំបាប់អាចអនុវត្តន៍បានគ្រប់ផែនការដែលអូឡាំពិកដាក់កំណត់ឲ្យ ។ សម្រាប់ព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះគឺជាលើកទី ៤ហើយដែល២លើកដំបូងធ្វើនៅប្រទេសសិង្ហបូរី និងកាលពីឆ្នាំ២០១៦កន្លងមកកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ កីឡាករកម្ពុជាឌន សៅតែងតែដណ្ដើមបានមេដាយមាសពីព្រឹត្តិការណ៍នេះជានិច្ច ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត